បរទេស៖ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសចំនួន១០ បានព្រមព្រៀងគ្នាធ្វើឲ្យកាន់ តែប្រសើរឡើងនូវសមត្ថភាព របស់អាកាសយានិកយោធាខ្លួន តាមរយៈកម្មវិធីហ្វឹកហាត់ការហោះហើរ NATO’s Flight Training Europe នៅថ្ងៃពុធសប្ដាហ៍នេះ។
សេចក្តីថ្លែងការណ៍នៅថ្ងៃពុធមួយ បាននិយាយថា កងកម្លាំងជើងអាកាសនៃប្រទេសប៊ុលហ្គារី ក្រូអាត សាធារណរដ្ឋឆែក ក្រិក ហុងគ្រី ម៉ុងតេណេហ្គ្រោ ម៉ាសេដូណាខាងជើង ព័រទុយហ្គាល់ រ៉ូម៉ានី អេស្ប៉ាញ និងតួកគី នឹងចូលរួមក្នុងកម្មវិធី ដែលគេស្គាល់ថា NFTE នោះ។

ដោយភាគច្រើនប្រើប្រាស់មូលដ្ឋាន ទ័ពអាកាសដែលមានស្រាប់នៅទូទាំងតំបន់អឺរ៉ុប ពីឡុតយន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ យន្តហោះដឹកជញ្ជូន និងយន្តហោះបញ្ជាពីចម្ងាយ នឹងត្រូវគេរំពឹងថា នឹងរៀនជំនាញដែលអាចធ្វើការ បត់បែននិងធ្វើអន្តរប្រតិបត្តិការបាន។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន អគ្គលេខាធិការរងនៃអង្គការណាតូ លោក Mircea Geoana បានមានប្រសាសន៍យ៉ាងដូច្នេះថា “កងទ័ពណាតូធ្វើប្រតិបត្តិការ និងដាក់ពង្រាយរួមគ្នា ដូច្នេះវាធ្វើឲ្យដឹងថា ពួកគេក៏ត្រៀមខ្លួនជាប្រព័ន្ធ និងធ្វើការហ្វឹកហាត់ទាំងអស់គ្នា”៕
ប្រែសម្រួល៖ ប៉ាង កុង
