ព័ត៌មានអន្តរជាតិ

លោក ពូទីន ៖ ចំណងមិត្តភាព ជាមួយអាមេរិក ស្ថិតក្នុងចំណុចទាបបំផុត

បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន តាមសេចក្តីរាយការណ៍ នៅក្នុងបទសម្ភាសន៍មួយ ជាមួយទីភ្នាក់ងារសារព័ត៌មាន NBC នៅមុនជំនួបកំពូល របស់លោក ជាមួយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន នាសប្ដាហ៍ក្រោយ បានមានប្រសាសន៍ថា ចំណងមិត្តភាពអាមេរិក-រុស្ស៊ី កំពុងស្ថិតនៅក្នុងចំណុចទាបបំផុត ក្នុងរយៈពេលជាច្រើនឆ្នំា ។

លោក ពូទីន និងលោក បៃដិន នឹងជួបគ្នា ក្នុងទីក្រុងហ្សឺណែវ នៅថ្ងៃពុធសប្ដាហ៍ក្រោយ ហើយសេតវិមានបាននិយាយក្នុងពេលថ្មីៗនេះថា លោក បៃដិន នឹងលើកឡើងពីបញ្ហា វាយប្រហារកើតចេញពីប្រទេសរុស្ស៊ី ការឈ្លានពានរបស់ទីក្រុង មូស្គូទៅលើអ៊ុយក្រែន ការដាក់ពន្ធនាគារក្រុមប្រឆាំង និងបញ្ហាដទៃទៀតដែលធ្វើឲ្យ ប៉ះពាល់ដល់ទំនាក់ទំនង ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន NBC News បានឲ្យដឹងថា លោកប្រធានាធិបតីរុស្ស៊ី បានមានប្រសាសន៍ ប្រាប់យ៉ាងដូច្នេះថា “យើងមានចំណង មិត្តភាពទ្វេភាគីមួយ ដែលបានធ្លាក់ចុះដុនដាប ដល់ចំណុចដ៏ទាបបំផុត របស់វា នៅក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ” ។

លោក ពូទីន តាមសេចក្តីរាយការណ៍ បានធ្វើការកោតសរសើរ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាជាបុគ្គលដ៏អស្ចារ្យ ជាបុគ្គលមានភាពប៉ិនប្រសព្វ និងបាននិយាយថា លោក បៃដិន ជាអ្នកនយោបាយអាជីព្វ មានភាពខុសប្លែងគ្នាខ្លាំងពីលោក ត្រាំ ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top