ព័ត៌មានអន្តរជាតិ

ចិនថ្កោលទោស សេចក្តីថ្លែងការណ៍ របស់ក្រុម G7 និងជំរុញឲ្យក្រុមនេះ ឈប់បង្កាច់ បង្ខូចប្រទេសខ្លួន

បរទេស៖នៅថ្ងៃចន្ទនេះ ចិនបានធ្វើការថ្កោលទោស ចំពោះសេចក្តីថ្លែងការណ៍រួមគ្នាមួយ ធ្វើឡើងដោយក្រុមមេដឹកនាំ នៃប្រទេស G7 ដែលបានរិះគន់ទីក្រុងប៉េកាំងជុំវិញបញ្ហានានាជាច្រើននោះ ថាជាការជ្រៀតជ្រែតទាំងស្រុងក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន និងបានជំរុញឲ្យក្រុមប្រទេស G7 ឈប់ធ្វើការបង្កាច់បង្ខូចកេរឈ្មោះរបស់ចិន។

មេដឹកនាំក្រុមប្រទេស G7 កាលពីថ្ងៃអាទិត្យ បានឲ្យចិនទទួលខុសត្រូវ ជុំវិញបញ្ហាសិទ្ធិមនុស្សនៅក្នុងតំបន់ស៊ីនជាំង អំពាវនាវឲ្យហុងកុងរក្សាភាពស្វយតកម្រិតខ្ពស់ និងបានបង្ហាញពីសារៈសំខាន់នៃសន្តិភាពនិងស្ថិរភាព នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ដែលទាំងអស់នោះ គឺជាបញ្ហាដ៏រសើបសម្រាប់ទីក្រុងប៉េកាំង។

ស្ថានទូតចិនប្រចាំនៅក្នុងទីក្រុងឡុងដ៍ បាននិយាយថា ខ្លួនមានការមិនពេញចិត្តជាខ្លាំង និងប្រឆាំងដាក់ខាតចំពោះការលើកឡើងអំពីបញ្ហាតំបន់ស៊ីនជាំង ទីក្រុងហុងកុង និងបញ្ហាកោះតៃវ៉ាន់ ដែលបានបំភ្លៃការពិត និងបានលាតត្រដាងនូវចេតនាទុច្ចរិតរបស់ប្រទេសមួយចំនួនតូច ដូចជាសហរដ្ឋអាមេរិកជាដើម។

តាមសេចក្តីរាយការណ៍ ស្ថានទូតចិននេះ ក៏បាននិយាយផងដែរថា “កិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន មិនត្រូវមានការជ្រៀតជ្រែកទេ កេរ្តិ៍ឈ្មោះរបស់ចិន មិនត្រូវរងការបង្កាច់បង្ខូចនោះទេ ហើយផលប្រយោជន៍របស់ប្រទេសចិន មិនរងការបំពាននោះឡើយ”។ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top