បរទេស ៖ យោងតាមការបញ្ជាក់ របស់ក្រុមហ៊ុន Blue Origin កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានឲ្យដឹងថា អ្នកដេញថ្លៃម្នាក់ ដែលមិនបានបញ្ចេញអត្តសញ្ញា បានចំណាយលុយ ដល់ទៅ២៨លានដុល្លារដេញថ្លៃទិញយកកៅអី ក្នុងការធ្វើដំណើរទៅ កាន់លំហអាកាស ជាមួយនឹងស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ។
រំលឹកដែរថា កាលពីដើមសប្តាហ៍កន្លងមក បុរសកំពូលសេដ្ឋីរូបនេះ បានប្រកាសថា លោកព្រមទាំងប្អូនប្រុស គឺលោក Mark ផងគឺនឹងចូលរួមក្នុងដំណើរទស្សនកិច្ច ដ៏អស្ចារ្យមួយនេះ ដែលគ្រោងធ្វើឡើង នៅក្នុងខែក្រោយនិងបានប្រកាស ដាក់ឲ្យដេញថ្លៃកៅអីមួយ សម្រាប់ធ្វើដំណើររួមគ្នាជាមួយនឹងលោកផងដែរ ។
ការដាក់ដេញថ្លៃ ត្រូវបានធ្វើឡើងតាំងតែពីថ្ងៃទី១៩ ខែឧសភា មកម្ល៉េះដែលក្នុងនោះមានអ្នកប្រជែង ដល់ទៅ២០ ដែលបានចូលរួមក្នុងការប្រកួតប្រជែងនេះហើយគិតត្រឹម ថ្ងៃព្រហស្បតិ៍តម្លៃ វាបានឡើងមកត្រឹមតែ៤,៨លានដុល្លារ ប៉ុណ្ណោះមុនពេលដែលវាបានកើនឡើងខ្លាំង នៅថ្ងៃសៅរ៍ដល់ទៅ២៨លានដុល្លារ ៕
ប្រែសម្រួល៖ស៊ុនលី