បរទេស ៖ សេតវិមាន តាមសេចក្តីរាយការណ៍ បាននិយាយនៅមុនជំនួបកំពូលណាតូ នាថ្ងៃចន្ទនេះថា ថ្នាក់ដឹកនាំសម្ពន្ធមិត្ត នឹងចាប់ផ្តើមគោលគំនិត ប្រកបដោយមហិច្ឆតា ដើម្បីធានាថា ខ្លួននៅតែបន្តផ្តល់សន្តិសុខរហូតដល់ឆ្នាំ២០៣០ និងលើសពីនោះ ។
សេតវិមានបានបញ្ជាក់ថា ប្រទេសជាសមាជិក៣០ប្រទេស នឹងព្រមព្រៀងគ្នា ធ្វើការកែប្រែគំនិតយុទ្ធសាស្ត្រ របស់ណាតូ ដើម្បីណែនាំវិធីសាស្ត្ររបស់ខ្លួន ចំពោះបរិយាកាសយុទ្ធសាស្ត្រ ដែលកំពុងតែវិវត្ត ដោយរួមមាន ទាំងគោលនយោបាយ និងសកម្មភាពដ៏គឃ្លើន របស់រុស្ស៊ី ភាពលំបាកបង្កឡើង ដោយសាធារណរដ្ឋប្រជាមានិតចិន មកលើសន្តិសុខរួម វិបុលភាព និងគុណតម្លៃរបស់យើង ព្រមទាំងការគម្រាមកំហែង ឆ្លងប្រទេស ដូចជាអំពើភេរវកម្ម ការគម្រាមកំហែងតាមអ៊ីនធឺណេត និងបម្រែបម្រួលអាកាសធាតុ ។
យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News បានឲ្យដឹងថា សេចក្តីថ្លែងការណ៍ របស់សេតវិមាន បាននិយាយថា គោលគំនិតយុទ្ធសាស្ត្រថ្មីនោះ នឹងត្រូវបានរៀបចំ សម្រាប់ការអនុម័ត នៅជំនួបកំពូលណាតូ ឆ្នាំ២០២២ ។
សេចក្តីថ្លែងការណ៍ របស់សេតវិមានដដែលនេះ បាននិយាយបន្ថែមទៀត យ៉ាងដូច្នេះថា “ថ្នាក់ដឹកនាំសម្ពន្ធមិត្ត នឹងចាប់ផ្តើមបណ្ដុំគោលគំនិតប្រកប ដោយមហិច្ឆតាមួយ ដើម្បីធានាថា អង្គការណាតូនៅតែបន្តផ្តល់សន្តិសុខ ឲ្យដល់ពលរដ្ឋរបស់យើង រហូតដល់ឆ្នាំ២០៣០ និងលើសពីនោះ”៕
ប្រែសម្រួល៖ប៉ាង កុង