ព័ត៌មានអន្តរជាតិ

លោក ពូទីន រិះគន់ខ្លាំងៗ ចំពោះការប៉ុនប៉ង បំផ្លាញ ទំនាក់ទំនងរុស្ស៊ី-ចិន

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានបរិហារសកម្មភាព ដែលមានគោលបំណង ជំរុញឱ្យមានជម្លោះរវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ដោយសង្កត់ធ្ងន់ថា ប្រទេសចិន គឺជាដៃគូយុទ្ធសាស្ត្រ មិនមែនជាការគំរាម កំហែងនោះទេ ។

លោកពូទីន បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយបណ្តាញទូរទស្សន៍អាមេរិក NBC ដែលបានចេញផ្សាយ កាលពីថ្ងៃច័ន្ទថា “យើងអាចមើលឃើញ ការប៉ុនប៉ងបំផ្លាញ ទំនាក់ទំនងរវាងរុស្ស៊ី និងចិន។

លោកបានលើកឡើងថា “យើងមានសេចក្តីរីករាយ ចំពោះកម្រិតខ្ពស់ នៃទំនាក់ទំនង ដែលមិនធ្លាប់មានពីមុនមក នៅពេលដែលវាបានវិវត្ត ក្នុងរយៈពេលប៉ុន្មាន ទសវត្សចុងក្រោយនេះ។ យើងស្រឡាញ់វា ដូចមិត្តចិន របស់យើងធ្វើ ដែលយើង អាចមើលឃើញ” ។

លោកពូទីន បានកោតសរសើរ ចំពោះ“ កម្រិតនៃការជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការខ្ពស់លើគ្រប់វិស័យ” រវាងប្រទេសទាំងពីរ ចាប់ពីនយោបាយ និងសេដ្ឋកិច្ចរហូតដល់បច្ចេកវិទ្យា និងយោធា។

លោកបានបន្ថែមថា “យើងមិនជឿថា ប្រទេសចិន គឺជាការគំរាមកំហែង ដល់យើងនោះទេ ។ ប្រទេសចិន គឺជាប្រជាជាតិ ដែលមានមិត្តភាព”។

លោកបានបន្ថែមទៀតថា ជាប្រទេសដ៏ធំ និងមានឥទ្ធិពលមួយ ប្រទេសចិនបាន និងកំពុងអភិវឌ្ឍជាមួយ នឹងសេដ្ឋកិច្ចដ៏អស្ចារ្យរបស់ខ្លួន និងទំហំពាណិជ្ជកម្ម បរទេសយ៉ាងច្រើន៕

Most Popular

To Top