បរទេស៖យោងតាមអង្គការ សហប្រជាជាតិ ប្រទេសកូរ៉េខាងជើង មានការខ្វះខាតស្បៀងអាហារចំនួនដល់ទៅ ៨៦០.០០០តោន ហើយស្ថានភាពកាន់តែអាក្រក់ខ្លាំងឡើង នៅក្នុងខែសីហា ខាងមុខនេះ។
អង្គការស្បៀងអាហារនិងកសិកម្ម បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះ នៅក្នុងរបាយការណ៍របស់ខ្លួន “ការផ្គត់ផ្គង់ស្បៀងអាហារ និងការពិនិត្យមើលតម្រូវការក្នុងឆ្នាំ២០២០/២១” ថា ប្រទេសកូរ៉េខាងជើង មានគម្រោងផ្លូវការនាំចូលស្បៀងអាហារ២០៥.០០០តោន ហើយផលិតកម្មដំណាំស្បៀងអាហារសរុប ត្រូវបានគេរំពឹងថា នឹងសម្រេចបានចំនួនប្រមាណ៥,៦លានតោន។ ការផ្គត់ផ្គង់ចំណីអាហារ ប្រហែលជាមិនគ្រប់គ្រាន់ទេ សម្រាប់ប្រជាជនក្នុងប្រទេសនេះ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា របាយការណ៍របស់អង្គការនោះ បាននិយាយយ៉ាងដូច្នេះថា “កង្វះខាតស្បៀងអាហារដែលត្រូវបានរកឃើញ គឺត្រូវបានគេប៉ាន់ស្មានថា មានប្រហែល ៨៦០.០០០តោន គឺស្មើនឹងប្រមាណ២,៣ខែ នៃការប្រើប្រាស់ចំណីអាហារ”។
អង្គការស្បៀងអាហារនិងកសិកម្ម បាននិយាយប្រាប់ថា បើទោះជាមានគ្រោះទឹកជំនន់និងព្យុះ ដែលបានបំផ្លិចបំផ្លាញ ផលដំណាំក៏ដោយ ក៏ប្រទេសកូរ៉េខាងជើង បានធ្វើការពង្រីកការដាំដុះរបស់ខ្លួន នៅក្នុងឆ្នាំ២០២០ ដែលភាគច្រើនត្រូវបានរងការខូចខាត ដោយសារតែទឹកជំនន់៕ប្រែសម្រួល៖ប៉ាង កុង

 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
						 
													 
						 
													 
						 
													 
						 
													 
						