បរទេស៖ ជាមួយនឹងការឈានទៅមុខបន្តិចបន្តួច ក្នុងការកាត់បន្ថយភាពតានតឹងនៅបន្ទា ត់នៃការគ្រប់គ្រងជាក់ស្តែង (LAC) ប្រទេសឥណ្ឌានិងចិន ក៏បានចាប់ផ្តើមកៀរគរធនធានយោធាបន្ថែមទៀត។ ជម្លោះព្រំដែនរវាងគូប្រជែងអាស៊ីទាំងពីរ បានកើនឡើងកាលពីឆ្នាំមុនជាមួយនឹងការប្រយុទ្ធគ្នាដ៏សាហាវនៅជ្រលងភ្នំ Galwan នៅថ្ងៃទី ១៥-១៦ ខែមិថុនាឆ្នាំ ២០២០ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា កងទ័ពឥណ្ឌាកាលពីថ្ងៃអាទិត្យ បានបញ្ជូនរថក្រោះ កាំភ្លើងធំ និងធនធានផ្សេងទៀតតាមរថភ្លើងយោធា ដែលជាផ្នែកមួយនៃការសាកល្បងផ្លូវដែកដឹកទំនិញ ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនផ្លូវដែកឥណ្ឌា។
ការសាកល្បងនេះ ស្របពេលខួបលើកទី ១ នៃការប៉ះទង្គិចគ្នារវាងកងទ័ពឥណ្ឌានិងកងទ័ពរំដោះប្រជាជនចិន នៅ Galwan នៅភាគខាងកើតតំបន់ Ladakh ។ ផ្លូវដែលត្រូវបានគេរំពឹងថានឹងជួយបង្កើន សមត្ថភាពកៀរគររបស់កងកម្លាំងប្រដាប់អាវុធឥណ្ឌានៅទូទាំងប្រទេស។
ខ្សែវីដេអូនៃការសាកល្បងដែលត្រូវបានចេញផ្សាយដោយ ផ្លូវដែកឥណ្ឌា កាលពីថ្ងៃច័ន្ទ បង្ហាញពីរថភ្លើងធ្វើដំណើរពីភាគខាងជើងរដ្ឋ Haryana ទៅកាន់ទីតាំងមួយនៅភាគខាងលិចរដ្ឋ Rajasthan ដោយដឹកអាវុធ និងឧបករណ៍រួមមាន រថក្រោះចម្បាំងធុន T-៩០ ជាច្រើនគ្រឿង, កាំភ្លើងបាញ់គ្រាប់បែក K9Vajra 155 មីល្លីម៉ែត្រ, រថយន្ដពាសដែក, រថយន្ដដឹកទំនិញ Off-Road សម្រាប់ប្រតិបត្ដិការខ្លាំង និងរថយន្ដពាសដែកតូចក្នុងចំណោមឧបករណ៍ផ្សេងទៀត៕ប្រែសម្រួលៈ ណៃ តុលា