ព័ត៌មានអន្តរជាតិ

ជប៉ុន ផ្ដល់វ៉ាក់សាំង ១លានដូសទៅឲ្យវៀតណាម បើទោះប្រទេស នេះរងគ្រោះតិចតួច ពីជំងឺរាតត្បាត

តូក្យូ៖ យន្តហោះមួយគ្រឿងផ្ទុកវ៉ាក់សាំងការពារវីរុសកូរ៉ូណាវីចំនួន ១ លានដូស ដែលបានបរិច្ចាគដោយប្រទេសជប៉ុន បានទៅដល់ទីក្រុងហាណូយប្រទេសវៀតណាម កាលពីយប់ថ្ងៃពុធម្សិលមិញដោយរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសម្តែងការដឹងគុណ ចំពោះកាយវិការសុច្ឆន្ទៈនេះយ៉ាងខ្លាំង បើទោះបីជាប្រទេសនេះ រងគ្រោះតិចតួចពីជំងឺរាតត្បាតក្ដី។

ប្រទេសវៀតណាម បាននិងកំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃករណីវីរុសចាប់តាំងពីចុងខែមេសា ដោយសារតែជំងឺឆ្លងទម្រង់ថ្មីជាច្រើនបានចូលមកក្នុងប្រទេសរបស់ខ្លួន ប៉ុន្តែប្រទេសនេះបានតស៊ូ ដើម្បីទទួលបាននូវវ៉ាក់សាំង ដែលមានចំនួនតិចជាង ២ ភាគរយនៃចំនួនប្រជាជនរបស់ខ្លួន ដែលបានទទួលការចាក់វ៉ាក់សាំង។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ង្វៀន ថាញ់ឡុង បានចង្អុលបង្ហាញថា វ៉ាក់សាំងដែលបរិច្ចាគដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន AstraZeneca Plc របស់ចក្រភពអង់គ្លេស នឹងត្រូវចែកចាយជាចម្បងនៅទីក្រុងហូជីមិញ នៅភាគខាងត្បូងប្រទេសវៀតណាម ដែលកំពុងមានករណីកើនឡើង។

ប្រទេសវៀតណាមបានបញ្ជាក់ពីការឆ្លងចំនួន ១១,៦៣៥ គិតត្រឹមថ្ងៃពុធម្សិលមិញនេះ ប៉ុន្តែប្រហែលជា ៧០ ភាគរយនៃពួកគេត្រូវបានបញ្ជាក់នៅក្នុងខែឧសភា ឬក្រោយមក។

យោងតាមការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសជប៉ុន Toshimitsu Motegi បានឱ្យដឹងថា ទីក្រុងតូក្យូ ក៏កំពុងពិចារណាក្នុងការផ្តល់វ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ ដល់ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងថៃ ផងដែរនៅក្នុងខែកក្កដា៕ដោយ ឈូក បូរ៉ា

Most Popular

To Top