ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន និងកងនាវាលេខ៦ ទ័ពជើងទឹកអាមេរិក ត្រៀមធ្វើសមយុទ្ធនៅ សមុទ្រខ្មៅ

បរទេស៖កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា សមយុទ្ធទ័ពជើងទឹក Sea Breeze 2021 ដែលចាប់ផ្តើមនៅសប្ដាហ៍ក្រោយ នៅសមុទ្រខ្មៅ នឹងមានការចូលរួមដោយកងទ័ព ជាង៥.០០០នាក់ នាវាចំនួន ៣២គ្រឿង និងយន្តហោះចំនួន ៤០គ្រឿង។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ដោយធ្វើការរៀបចំរួមគ្នាពីសំណាក់ កងទ័ពជើងទឹកអ៊ុយក្រែន និងកងនាវាលេខ៦ របស់ទ័ពជើងទឹកសហរដ្ឋអាមេរិកនោះ ព្រឹត្តិការណ៍សមយុទ្ធយោធានេះ គឺត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៧ មកម្ល៉េះ។

សេចក្តីថ្លែងការណ៍មួយពីកងនាវាលេខ៦ អាមេរិក បានិយាយប្រាប់ដូច្នេះថា សមយុទ្ធរួមគ្នារយៈពេល ១២ថ្ងៃនេះ នឹងរួមមានទាំងឧបករណ៍សង្គ្រាមវាយប្រហារក្នុងទឹកនិងលើគោក ឧករណ៍សមវាយប្រហារលើគោក ប្រតិបត្តិការមុជទឹក ប្រតិបត្តិការទប់ទល់ កម្ទេចសត្រូវនៅសមុទ្រ ប្រព័ន្ធការពារ ដែនអាកាស ការបញ្ចូលគ្នានៃប្រតិបត្តិការពិសេស ឧបករណ៍ប្រឆាំងនាវាមុជទឹក និងប្រតិបត្តិការស្វែងរក និងសង្គ្រោះ។

ភារធារីនៃស្ថានទូតអាមេរិក ប្រចាំនៅក្នុងប្រទេសអុយក្រែន លោកស្រី Kristina Kvien បានមានប្រសាសន៍ដូច្នេះថា “សហរដ្ឋអាមេរិកមានមោទនភាព ដើម្បីចងជាដៃគូជាមួយអ៊ុយក្រែន ក្នុងការរៀបចំរួមគ្នានូវសមយុទ្ធដែនសមុទ្រពហុជាតិ Sea Breeze ដែលនឹងជួយធ្វើឲ្យប្រសើរឡើង នូវអន្តរប្រតិបត្តិការ និងសមត្ថភាពក្នុងចំណោមប្រទេស ដែលចូលរួម”៕ប្រែសម្រួល៖ប៉ាង កុង


Most Popular

To Top