ព័ត៌មានអន្តរជាតិ

អង្គការសុខភាព ពិភពលោក នឹងបង្កើតមជ្ឈមណ្ឌល ថ្នាំវ៉ាក់សាំងកូវិដ១៩ នៅអាហ្វ្រិកខាងត្បូង

បរទេស៖អង្គការសុខភាពពិភពលោក តាមសេចក្តីរាយការណ៍ បានប្រកាសថា ខ្លួននឹងបង្កើតមជ្ឈមណ្ឌលមួយ នៅអាហ្វ្រិកខាងត្បូង ជាទីដែលក្រុមហ៊ុនផលិតមកពីប្រទេស មានចំណូលទាប និងកណ្ដាល អាចទទួលបានចំណេះដឹងនិងអាជ្ញាប័ណ្ណ ដែលចាំបាច់ក្នុងការផលិតថ្នាំ វ៉ាក់សាំងដោយខ្លួនឯងផ្ទាល់ ប្រឆាំងនឹងមេរោគកូរ៉ូណា។

អស់រយៈពេលជាច្រើនខែមកនេះ អង្គការសុខភាពពិភពលោក បានព្រមានពីការទទួលបានថ្នាំវ៉ាក់សាំងមិនស្មើគ្នានៅទូទាំងពិភពលោក ដោយប្រទេសអ្នកមាន កំពុងតែព្យាយាមចាក់ថ្នាំវ៉ាក់សាំងប្រឆាំងមេរោគ ឲ្យដល់ប្រជាជនទាំងអស់របស់ខ្លួន ប៉ុន្តែវាជាការចំណាយដ៏ខ្ពស់ នៅក្នុងប្រទេសក្រីក្រ។

នៅក្នុងពាក់កណ្ដាលខែមេសា ដោយសារតែតម្រូវការថ្នាំវ៉ាក់សាំងជាបន្ទាន់ នៅក្នុងប្រទេសក្រីក្រ ជាពិសេសនៅក្នុងតំបន់អាហ្វ្រិកនោះ អង្គការសុខភាពពិភពលោក បានចេញសំណើឲ្យសម្លឹងមើលពីផលប្រយោជន៍ក្នុងការបង្កើតមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាថ្នាំវ៉ាក់សាំង mRNA ក្នុងគោលបំណងឲ្យធ្វើការផលិតថ្នាំវ៉ាក់សំាងកូវិដ១៩ ដោយខ្លួនឯងផ្ទាល់។

អគ្គលេខាធិការអង្គការ សុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងសន្និសីទកាសែតមួយថា “ថ្ងៃនេះ ខ្ញុំមានសោមនស្សរីករាយសូមប្រកាសថា អង្គការសុខភាពពិភពលោក កំពុងតែពិភាក្សាគ្នាជាមួយ សម្ព័ន្ធក្រុមហ៊ុននិងស្ថាប័ននានា ដើម្បីបង្កើតមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាមួយកន្លែង នៅអាហ្វ្រិកខាងត្បូង”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top