បរទេស៖អ្នកនាង គីម យូជុង ជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិក បានធ្វើការបកស្រាយខុសចំពោះសញ្ញាថ្មីៗនេះថា ទីក្រុងព្យុងយ៉ាង កំពុងតែស្វះស្វែងរកកិច្ចពិភាក្សាគ្នាជាមួយទីក្រុងវ៉ាស៊ីនតោន។
នៅក្នុងកិច្ចប្រជុំពេញអង្គនៃគណបក្សពលករកូរ៉េ ជាបក្សកាន់អំណាចនៅកូរ៉េខាងជើង កាលពីសប្ដាហ៍មុន លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសកូរ៉េខាងជើង ត្រូវតែត្រៀមខ្លួនទាំងសម្រាប់កិច្ចពិភាក្សាគ្នា និងការប្រឈមមុខដាក់គ្នាជាមួយសហរដ្ឋអាមេរិក ហើយការថ្លែងបែបនេះ ត្រូវទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan ហៅថា ជាសញ្ញាដ៏គួរឲ្យចាប់អារម្មណ៍មួយ នៅក្នុងអំឡុងធ្វើបទសម្ភាសន៍ជាមួយ ABC News កាលពីថ្ងៃអាទិត្យ។
តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់សារព័ត៌មាន UPI នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង KCNA អ្នកនាង គីម យូជុង បាននិយាយប្រាប់ថា អ្នកនាងបានឮការថ្លែងរសប់លោក Jake Sullivan។
ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងរូបនេះ បាននិយាយបន្តយ៉ាងដូច្នេះថា “សុភាសិតកូរ៉េមួយនិយាយថា នៅក្នុងសុបិន អ្វីដែលរាប់ចំនួនថាមានច្រើនបំផុតនោះ គឺជាការអានវា មិនមែនមានវានោះទេ ហើយវាហាក់ដូចជាថា សហរដ្ឋអាមេរិក អាចនឹងធ្វើការបកស្រាយខុសចំពោះស្ថានភាព នៅក្នុងផ្លូវបែបនោះ ដើម្បីព្យាយាមលួងខ្លួនឯង”៕