បរទេស៖កងកម្លាំងសន្តិសុខមីយ៉ានម៉ាគាំទ្រដោយរថពាសដែក តាមសេចក្តីរាយការណ៍ បានប៉ះទង្គិចគ្នាជាមួយក្រុមកងជីវពលទើបបង្កើតឡើងថ្មីមួយ នៅក្នុងទីក្រុង Mandalay ដែលជាទីក្រុងធំបំផុតទី២នៅមីយ៉ានម៉ា ជាលទ្ធផលបណ្ដាលឲ្យមានអ្នករងគ្រោះយ៉ាងហោចចំនួនពីរនាក់។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា សមាជិកនៃកងជីវពលមួយរូប ដែលមានឈ្មោះ Tun Tauk Naing បាននិយាយតាមទូរស័ព្ទនៅថ្ងៃអង្គារនេះថា “ការប្រយុទ្ធគ្នាបានចាប់ផ្តើម ហើយនឹងមានការប្រយុទ្ធកាន់តែច្រើន”។

គួរបញ្ជាក់ថា ចាប់តាំងពីកងទ័ពមីយ៉ាន ធ្វើការដណ្ដើមអំណាចកាលពីថ្ងៃទី០១ ខែកុម្ភៈ និងបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី មក កងកម្លាំងសន្តិសុខមីយ៉ានម៉ា បានធ្វើប្រតិបត្តិការបង្ក្រាមយ៉ាងខ្លាំងក្លា ទៅលើការតវ៉ាដែលប្រឆំាងរបបយោធា។
ជាការឆ្លើយតបវិញ ក្រុមអ្នកប្រឆាំងចំពោះរដ្ឋប្រហារនោះ ដែលគេស្គាល់ថា កងកម្លាំងការពារប្រជាជន បានរីកសាយពាសពេញប្រទេសមីយ៉ានម៉ា ហើយរហូតមកទល់ពេលបច្ចុប្បន្ននេះ ការប្រយុទ្ធគ្នាដែលមានការចូលរួមពីកងជីវពលប្រដាប់អាវុធធុនស្រាល ត្រូវបានបង្ខាំងជាចម្បងនៅក្នុងទីក្រុងតូចៗ និងតំបន់ជនបទ ប៉ុន្តែក្រុមមួយដែលអះអាងថាជាកងកម្លាំងការពារប្រជាជនថ្មីនៃទីក្រុង Mandalay បាននិយាយថា សមាជិកខ្លួនបានធ្វើការឆ្លើយតប ក្រោយយោធាវាយឆ្មក់លើមូលដ្ឋានមួយរបស់ខ្លួន៕
