បរទេស៖មន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចចាជាមួយកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បាននិយាយក្នុងពេលថ្មីៗនេះថា មន្ត្រីរដ្ឋបាលលោក បៃដិន មានបំណងចង់ ជមួយជាមួយមន្ត្រីចរចារបស់ទីក្រុងព្យុងយ៉ាង ដោយគ្មានលក្ខខណ្ឌជាមុន។
លោក ស៊ុង គីម ដែលបច្ចុប្បន្នជាឯកអគ្គរដ្ឋទូតប្រចាំ នៅប្រទេសឥណ្ឌូនេស៊ី បាននិយាយក្នុងអំឡុងជំនួបត្រីភាគីជាមួយសមភាគីមកពីប្រទេសជប៉ុននិងកូរ៉េខាងត្បូង នៅក្នុងទីក្រុងសេអ៊ូលថា សហរដ្ឋអាមេរិកមានបំណងចង់ជួប ដែលនេះគឺការលើកឡើងសំដៅដល់សេចក្តីថ្លែងការណ៍ថ្មីៗនេះមួយពីលោក គីម ជុងអ៊ុន។
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានឲ្យដឹងថា លោក ស៊ុង គីម បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងបន្តមានក្តីសង្ឃឹមថា ប្រទេសកូរ៉េខាងជើង នឹងឆ្លើយតបជាវិជ្ជមាន ចំពោះការប្រឹងប្រែងរបស់យើង និងស្នើជួបគ្នានៅកន្លែងណាមួយ និងពេលណាមួយ ដោយគ្មានលក្ខខណ្ឌពីមុន”។
មន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិករូបនេះ បានមានប្រសាសន៍បន្តទៀតដូច្នេះថា “យើងក៏នឹងជំរុញឲ្យប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ ជាពិសេសគឺសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ធ្វើដូចគ្នាដើម្បីដោះស្រាយការគម្រាមកំហែង ដែលបង្កឡើងដោយកូរ៉េខាងជើងចំពោះសហគមន៍អន្តរជាតិ”៕