បរទេស ៖ អនុរដ្ឋមន្រ្តីក្រសួង ការបរទេសរុស្ស៊ី លោក Sergey Ryabkov បានចោទប្រកាន់រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន និង រដ្ឋាភីបាលទីក្រុងឡុងដ៍ថា បានព្យាយាមបង្កឱ្យ មានភាពចម្រូងចម្រាស ជុំវិញឧប្បត្តិហេតុនាពេលថ្មីៗនេះ ដែលពាក់ព័ន្ធនឹងនាវាពិឃាត អង់គ្លេស Defender នៅក្បែរតំបន់គ្រីមៀ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់លោក Ryabkov ថា «ពួកគេកំពុងព្យាយាម ធ្វើឱ្យស្ថានការណ៍ក្តៅឡើង ហើយបង្កឱ្យមានជម្លោះ ។ នេះផ្ទុយទាំងស្រុង នឹង បទដ្ឋានអន្តរជាតិ មិនថាមេបញ្ជាការ ឬជំនួយការជាន់ខ្ពស់ របស់នាវាពិឃាដ Destroyer Defender និយាយក្នុងមីក្រូហ្វូន របស់គាត់ទេ» ។
អ្នកការទូតរូបនោះបានបន្ថែមថា ប្រទេសរុស្ស៊ី នឹងប្រើគ្រប់មធ្យោបាយទាំងអស់ រួមទាំងមធ្យោបាយយោធា ដើម្បីការពារព្រំដែនរបស់ខ្លួន។
កាលពីដើមសប្តាហ៍នេះលោក John Kirby លេខាធិការផ្នែកព័ត៌មានរបស់មន្ទីរប៉ង់តាហ្គោនបាននិយាយថា យោងតាមក្រសួងការពារជាតិចក្រភពអង់គ្លេស សេចក្តីថ្លែងការណ៍របស់រុស្ស៊ី ស្តីពីការ បាញ់ព្រមាន ដើម្បីបណ្តេញនាវាពិឃាដ អង់គ្លេស ចេញពីដែនទឹក នៃប្រទេសរុស្ស៊ី គឺជាការផ្សព្វផ្សាយ ព័ត៌មានមិនពិត ៕
ប្រែសម្រួលៈ ណៃ តុលា