ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង កំពុងពង្រីកមូលដ្ឋាន ទ័ពអាកាស

បរទេស៖ប្រទេសកូរ៉េខាងជើង នាពេលបច្ចុប្បន្ននេះ កំពុងតែធ្វើការជួសជុលនិង ពង្រីកមូលដ្ឋានទ័ពអាកាស Sunchon Airbase របស់ខ្លួន ដែលជាទីតាំងរបស់យន្តហោះ ទំនើបបំផុតនៅក្នុងប្រទេស នេះបើយោងតាមរូបភាពពីផ្កាយ រណប ដែលវិភាគដោយមជ្ឈមណ្ឌល សិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ មានមូលដ្ឋាន នៅក្នុងទីក្រុងវ៉ាស៊ីនតោន។

យើងតាមរបាយការណ៍អនឡាញមួយ ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយគម្រោង CSIS បានឲ្យដឹងថា ការធ្វើឲ្យកាន់តែ ប្រសើរឡើងចំពោះមូលដ្ឋានទ័ព ដែលស្ថិតនៅចម្ងាយប្រហែល ២៥ម៉ាយភាគឦសាននៃទីក្រុងព្យុង យ៉ាងនេះ រួមមានទាំងការជួសជុល និងការពង្រីកផ្លូវយន្តហោះរត់ ផ្លូវតាក់ស៊ី និងចំណតយន្តហោះ។

ការពង្រីកបន្ថែមនេះ ហាក់ត្រូវបានធ្វើឡើងស្របជាមួយវដ្ដនៃការហ្វឹកហាត់ រដូវក្តៅប្រចាំឆ្នាំរបស់កងកម្លាំង ជើងអាកាសនិងកងកម្លាំងការពារ ដែនអាកាសរបស់កូរ៉េខាងជើង ដែលយន្តហោះត្រូវបានដាក់ប្រើជាថ្មី សម្រាប់ការហ្វឹកហាត់ហោះហើរ និងដើម្បីតេស្តសាកល្បងការត្រៀម រួចរាល់នៃប្រតិបត្តិការ។

មូលដ្ឋានទ័ពអាកាសនេះ គឺជាទីតំាងរបស់អង្គភាពលេខ ១០១៧ នៃកងកម្លាំងជើងអាកាសកូរ៉េខាងជើង ដែលប្រើប្រាស់យន្តហោះ MiG-29 និងយន្តហោះ Su-25 ជាយន្តហោះចម្បាំងសម័យសូវៀត ដែលទទួលបានជាលើកដំបូងនៅក្នុងទសវត្សឆ្នាំ១៩៨០ ហើយនៅតែជាយន្តហោះចម្បាំងដ៏ទំនើបបំផុត ក្នុងឧបករណ៍សង្គ្រាមរបស់កូរ៉េខាងជើង៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top