អាមេរិក៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ថា អតីតមន្រ្តីប៉ូលិសស្បែកសអាមេរិក ដែលត្រូវបានផ្តន្ទាទោស ពីបទសម្លាប់បុរសជនជាតិ អាមេរិកកូនកាត់អាហ្វ្រិក-អាមេរិក គឺលោក George Floyd នៅក្រុង Minneapolis កាលពីខែឧសភាឆ្នា២០២០ ត្រូវបានផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ២២ឆ្នាំ និង៦ខែ ។
ចៅក្រមបានលើកឡើងថា ការកាត់ទោស លោក Derek Chauvin គឺផ្អែកលើការរំលោភ លើជំហរនៃការជឿទុកចិត្ត និងសិទ្ធិអំណាចរបស់បុគ្គល ជាមួយនឹងភាពសាហាវ ឃោរឃៅបំផុត ដែលបានធ្វើចំពោះលោក Floyd ។
គួររំលឹកថា លោក Floyd មានវ័យ៤៨ឆ្នាំបានស្លាប់ បន្ទាប់ពីលោក Chauvin លុតជង្គង់សង្កត់ត្រង់ក របស់គាត់អស់រយៈពេល៩នាទី ។
គេបានដឹងថា ឃាតកម្មរបស់គាត់បណ្តាល ឱ្យមានការតវ៉ាជាសកលប្រឆាំង នឹងការរើសអើងជាតិសាសន៍ និងភាពសាហាវព្រៃផ្សៃរបស់ប៉ូលិស ។
ចំណែកលោក Chauvin អាយុ៤៥ឆ្នាំ ត្រូវបានផ្តន្ទាទោស ពីបទឃាតកម្មកម្រិតទីពីរ និងការចោទប្រកាន់ផ្សេងទៀត កាលពីខែមុន ។ ក្នុងអំឡុងពេលជំនុំជម្រះក្តីមេធាវី របស់គាត់បានពិពណ៌នា អំពីការសម្លាប់នេះថា ជា “កំហុសមួយ ដែលធ្វើឡើងដោយគេជឿថា ល្អនោះទេ” ។
លោក Chauvin ក៏ត្រូវបានគេប្រាប់ ឱ្យចុះឈ្មោះក្នុងបញ្ជី ជាជនល្មើស និងត្រូវបានរហាមឃាត់ មិនឱ្យកាន់កាប់អាវុធអស់មួយជីវិត ។
គាត់ និងអតីតមន្រ្តី៣នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ដាច់ ដោយឡែកពីគ្នាពីបទ បង្កអំពើហិង្សា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា