បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ប្រទេសអ៊ីរ៉ង់ នៅថ្ងៃអាទិត្យនេះ បានដកស្រង់សម្តីមេបញ្ជាការ កងកម្លាំងការពារបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ ដែលនិយាយថា ប្រទេសអ៊ីរ៉ង់មានកូនដ្រូន ដែលអាចហោះហើរ បានចម្ងាយ៧.០០០គីឡូម៉ែត្រ ហើយនេះជាដំណើរអភិវឌ្ឍន៍មួយ ដែលទីក្រុងវ៉ាស៊ីនតោន អាចនឹងចាត់ទុកថា ជាការគម្រាមកំហែងមួយ ចំពោះស្ថិរភាពក្នុងតំបន់។
ការអះអាងរបស់អ៊ីរ៉ង់នេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលប្រទេសអ៊ីរ៉ង់ និងមហាអំណាចធំៗទាំង៦ កំពុងតែធ្វើការពិភាក្សាគ្នា ដើម្បីស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលអតីតប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោន ចេញកាលពី៣ឆ្នាំមុន និងបានដាក់ទណ្ឌកម្ម ឡើងវិញលើអ៊ីរ៉ង់។
អ្នកវិភាគយោធាលោកខាងលិច បាននិយាយថា ជួនកាលប្រទេសអ៊ីរ៉ង់ និយាយពន្លើសពីសមត្ថភាពរបស់ខ្លួន ប៉ុន្តែកូនដ្រូនគឺជាឧបករណ៍ ដ៏សំខាន់មួយ ក្នុងប្រតិបត្តិការឈ្លបយកការណ៍ តាមព្រំដែនរបស់ទីក្រុងតេអេរ៉ង់ ជាពិសេសនោះ គឺនៅតែទឹកតំបន់ឈូងសមុទ្រ ស្ថិតនៅជុំវិញច្រកសមុទ្រ Hormuz ជាទីដែលការផ្គត់ផ្គង់ប្រេងពិភពលោក ចំនួន១ភាគ៥ ត្រូវគេដឹកជញ្ជូនកាត់។
យោងតាមទីភ្នាក់ងារ សារព័ត៌មានអ៊ីរ៉ង់ IRNA បានឲ្យដឹងថា មេបញ្ជាការកងកម្លាំងការពារ បដិវត្តន៍អ៊ីរ៉ង់ លោក Hossein Salami បាននិយាយយ៉ាងដូច្នេះថា “យើងមានយានអាកាស គ្មានមនុស្សបើក (គឺកូនដ្រូន) ដែលមានចម្ងាយ ហោះហើរដល់ទៅ ៧.០០០គីឡូម៉ែត្រ គឺពួកវាអាចហោះហើរ វិលត្រឡប់មកកន្លែងវិញ និងចុះចតនៅទីកន្លែងណាក៏បាន តាមដែលពួកវាគ្រោងទុក”៕ ប្រែសម្រួល៖ប៉ាង កុង