វ៉ាស៊ីនតោន៖ ប្រភពព័ត៌មាន ពីយោធាអ៊ីស្រាអែល បានឲ្យដឹងថា ខ្លួនបានបញ្ចប់ សមយុទ្ធហ្វឹកហាត់រួមគ្នាមួយ ជាមួយសហរដ្ឋអាមេរិក និងអង់គ្លេសពាក់ព័ន្ធ នឹងយន្ដហោះចម្បាំង បំបាំងកាយ F-35i របស់អ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។
កងទ័ពអ៊ីស្រាអ៊ែលបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធដែលមានឈ្មោះថា“ Tri-Lightning 2” ត្រូវបានធ្វើឡើងរួមគ្នា ដោយកងកម្លាំងទ័ពអាកាសអ៊ីស្រាអែល កងម៉ារីនអាមេរិក និងកងទ័ពអាកាសអង់គ្លេស។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា កងកម្លាំងបានអនុវត្តសេណារីយ៉ូ ពីលើអាកាសផ្សេងៗគ្នារួមមាន“ ការប្រយុទ្ធពីលើអាកាស – ការចៀសវាងការធ្វើសមយុទ្ធ នៃការគំរាមកំហែង ពីលើអាកាសទៅអាកាស ក៏ដូចជាការវាយប្រហារ ដែលបានវាយប្រហារ នៅលើទឹកដីរបស់សត្រូវ” ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា សមយុទ្ធនេះមានគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រក្នុងតំបន់ និងបង្កើនកិច្ចសហប្រតិបត្តិការ នៅក្នុងសហគមន៍យន្តហោះ F-35 អន្តរជាតិតាមរយៈការបណ្តុះបណ្តាល ប្រកបដោយគុណភាព។
គួរបញ្ជាក់ថា រដ្ឋាភិបាលអ៊ីស្រាអែល បានយល់ព្រមទិញយន្តហោះចម្បាំង F-35 យ៉ាងតិចចំនួន ៥០ គ្រឿង ក្នុងនោះ ២៧ គ្រឿងត្រូវបានប្រគល់ជូន រួចរាល់ហើយ៕ ដោយ ឈូក បូរ៉ា