បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស នៃប្រទេសប៉ូឡូញ និងប្រទេស អេស្តូនី លោក Zbigniew Rau និង Eva maria Liimets បានជួបពិភាក្សា គ្នាកាលពីថ្ងៃអង្គារម្សិលមិញនេះ ដោយជ្រើសយកប្រធានអំពិបញ្ហា សេដ្ឋកិច្ចនិងចំនងទំនាក់ ទំនងទ្វេរភាគីផងដែរ ។
លោក Rau បានថ្លែងនៅក្នុងសេចក្តីប្រកាស ជារួមមួយនៅក្រោយកិច្ចប្រជុំថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងយ៉ាងខ្លាំងជិត៤ដង គិតចាប់តាំងតែពីប្រទេសទាំងពីរ បានចូលរួមនៅក្នុងប្លុកអ៊ឺរ៉ុប ជាលើកដំបូង។
នៅក្នុងកិច្ចប្រជុំរួមគ្នានោះផងដែរ រដ្ឋមន្ត្រីទាំងពីររូបក៏បានពិភាក្សាគ្នា ទៅលើបញ្ហា នៃគម្រោងហេដ្ឋារចនា សម្ព័ន្ធធំៗ រួមទាំងផ្លូវដែក Baltica ដែលរំពឹងទុកថានឹងក្លាយទៅជាមធ្យោបាយ សម្រួលដល់ពាណិជ្ជកម្ម រវាងប្រទេសក្នុងតំបន់ Baltics ។
ក្រៅពីនោះប៉ូឡូញ និងអេស្តូនីក៏បានពិភាក្សាគ្នា ទៅលើបញ្ហាកើនឡើង នៃការវាយប្រហារ តាមប្រព័ន្ធអ៊ិនធឺណេត និងផែនការបង្កើនការ សហប្រតិបត្តិការគ្នា ទៅលើវិស័យ បច្ចេកវិទ្យាព័ត៌មាន ដើម្បីការពារ ទៅលើសកម្មភាព ទាំងនោះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី