ព័ត៌មានអន្តរជាតិ

វិធីព្យាបាលរោគ ដោយប្រើម្ជុរ វិទ្យាសាស្ត្រចិន ទទួលបានការគាំទ្រ យ៉ាងខ្លាំងនៅក្នុង ប្រទេសប្រេស៊ីល

សៅប៉ូឡូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ថា លោក Gustavo Pinto វ័យ៧៣ឆ្នាំ ជាសាស្ត្រាចារ្យ ជនជាតិប្រេស៊ីល បានចំណាយពេលប្រចាំថ្ងៃ ដើម្បីទៅពិនិត្យសុខភាព នៅសាជីវកម្ម អន្តរជាតិ ចិន-ប្រេស៊ីល ដែលផ្តោតសំខាន់ លើការព្យាបាលជំងឺ ដោយប្រើផលិតផល តាមបែបបុរាណចិន នៅក្នុងក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល ។

ការចូលទៅពិនិត្យសុខភាព របស់គាត់រៀងរាល់ព្រឹក ដើម្បីព្យាបាលរោគតាមប្រពៃណីចិន ដូចជា ៖ ការចាក់ម្ជុរវិទ្យាសាស្ត្រ និងម៉ាស្សាជាដើម ទោះបីជា ប្រទេសនេះរងការាតត្បាត ដោយសារជំងឺកូវីដ-១៩ក្តី ។

មូលដ្ឋាននេះបានបង្កើតឡើងរួមគ្នា ដោយក្រុមហ៊ុនមួយ របស់ប្រទេសប្រេស៊ីលឈ្មោះថា Taimin និងមន្ទីរព្យាបាលជំងឺនៃសកលវិទ្យាល័យវេជ្ជសាស្ត្រចិន Gansu នៅក្នុងខែកញ្ញា ឆ្នាំ២០១៩ ។

លោក Pinto បានរំលឹកឡើងថា ចាប់តាំងពីគាត់បានយល់ដឹងអំពីសៀវភៅបុព្វបុរសចិន ដែលគេហៅថា “I Ching” នៅពេលដែលមានអាយុ១៩ឆ្នាំ គាត់មានការចាប់អារម្មណ៍យ៉ាងខ្លំាង ចំពោះវប្បធម៌ចិន ជាពិសេស វេជ្ជសាស្ត្របុរាណចិន ។

គាត់បាននិយាយថា “ក្រោយពីខ្ញុំបានចាប់ផ្តើមឲ្យគេចាក់ ម្ជុរវិទ្យាសាស្ត្រ ។ អត្ថប្រយោជន៍បានប្រសើរមួយកម្រិតថែមទៀត ។ ខ្ញុំមានរោគរលាកច្រមុះ និងហឺត តាមពីកុមារភាពម្ល៉េះ ហើយរោគទាំងអស់នេះ ក៏បានជាសះស្បើយអស់តែម្តង” ។

ចាប់តាំងពីពេលនោះមក លោក ក៏បានបកប្រែឯកសារ ជាភាសាព័រទុយហ្គាល់ នៃសៀវភៅ “I Ching” ដើម្បីចូលរួមផ្សព្វផ្សាយ អំពីវប្បធម៌ចិន នៅក្នុងប្រទេសប្រេស៊ីល ។

លោកស្រី Fang Fang នាយកប្រតិបត្តិក្រុមហ៊ុន Taimin បានលើកឡើងថា វិធីសាស្ត្រព្យាបាលរោគ ដោយប្រើម្ជុរវិទ្យាសាស្ត្រចិន និងការព្យាបាលដោយចលនា នៅក្នុងប្រទេសប្រេស៊ីល បានពេញនិយមកាន់តែខ្លាំងឡើងៗ ។

លោកស្រីបានបញ្ជាក់ថា ពលរដ្ឋតិចតួចណាស់ ដែលបានដឹងអំពីឳសថបុរាណចិន ដែលផ្តោតលើ “ការព្យាបាលផ្នែកខាងក្នុងប៉ុណ្ណោះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top