បរទេស ៖ ទូរទស្សន៍រដ្ឋចិន បានរាយការណ៍ថា ប្រធានាធិបតីចិនលោក ស៊ីជិនពីង និង ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀពូទីន កាលពីថ្ងៃចន្ទ បានប្រកាសជាផ្លូវការ នូវការពង្រីកកិច្ចព្រមព្រៀងចិន – រុស្ស៊ី ស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះគឺជាសន្ធិសញ្ញាយុទ្ធសាស្ត្ររយៈពេល ២០ ឆ្នាំ ដែលត្រូវបានចុះហត្ថលេខា នៅខែកក្កដាឆ្នាំ ២០០១ នៅទីក្រុងម៉ូស្គូដោយលោកវ្ល៉ាឌីមៀពូទីន និងលោក Jiang Zemin។
ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀពូទីន បាននិយាយកាលពីថ្ងៃចន្ទ តាមប្រព័ន្ធវីដេអូ ជាមួយសមភាគីចិន គឺលោកស៊ីជិនពីងថា កិច្ចសហប្រតិបត្តិការរុស្ស៊ី – ចិន ដើរតួនាទីធ្វើឱ្យមានស្ថេរភាព នៅទូទាំងពិភពលោក ចំពេលមានភាពច្របូកច្របល់ ខាងភូមិសាស្ត្រនយោបាយ។
លោកបានបន្ថែមថា រដ្ឋាភិបាលទីក្រុងមូស្គូ និងទីក្រុងប៉េកាំង មិនមានជម្លោះទឹកដី ជាមួយគ្នានោះទេ និងបានត្រៀមខ្លួនដើម្បីធ្វើឱ្យព្រំដែនរួម របស់ពួកគេក្លាយជាខ្សែក្រវ៉ាត់ នៃសន្តិភាពគ្មានទីបំផុត ៕ប្រែសម្រួលៈ ណៃ តុលា