ព័ត៌មានអន្តរជាតិ

ស្វីស បើកប្រជុំលើការសម្រេចទិញ យន្តហោះចម្បាំង ក្រោយធ្វើការពន្យាពេល ជាច្រើនឆ្នាំ

បរទេស៖រដ្ឋាភិបាលស្វីស បានបើកការប្រជុំនៅថ្ងៃពុធនេះ ដើម្បីជ្រើសរើសទិញ យន្តហោះចម្បាំងជំនាន់ថ្មី ក្រោយសង្គ្រាមនយោបាយអូសបន្លាយ អស់មួយទសវត្ស ជុំវិញការប្រជែងគ្នាក្នុងទំហំទឹកប្រាក់ ៦,៥ពាន់លានដុល្លារ ក្នុងចំណោមអ្នកដេញថ្លៃមកពីអឺរ៉ុប និងសហរដ្ឋអាមេរិក។

យន្តហោះចម្បាំងដែលលើកយកមកប្រជែងដេញថ្លៃគ្នានោះ រួមមានយន្តហោះចម្បាំង Rafale មកពីក្រុមហ៊ុនបារាំង Dassault យន្តហោះ F/A-18 Super Hornet របស់ក្រុមហ៊ុន Boeing យន្តហោះ F35-A Lightning II របស់ក្រុមហ៊ុន Lockheed Martin និងយន្តហោះ Eurofighter ដែលផលិតរួមគ្នាដោយក្រុមហ៊ុន Airbus គាំទ្រដោយអាល្លឺម៉ង់និងអេស្ប៉ាញ ក្រុមហ៊ុនអ៊ីតាលី Leonardo និងក្រុមហ៊ុនអង់គ្លេស BAE Systems។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Financial Post នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ទូរទស្សន៍ស្វីស បានរាយការណ៍ថា កាលពីសប្ដាហ៍មុន យន្តហោះចម្បាំង F-35 បានផ្តល់នូវលក្ខណៈពិសេសផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ នៅក្នុងការវាយតម្លៃរបស់ស្វីស ប៉ុន្តែការសម្រេចចិត្តចុងក្រោយ នៅតែបើកចំហនៅឡើយ។

គួរបញ្ជាក់ថា ប្រទេសស្វីសដែលប្រកាន់យកភាពអព្យាក្រឹត កាលពីឆ្នាំមិញនេះ បានធ្វើការអនុម័តផ្តល់ថវិកា សម្រាប់យន្តហោះចម្បាំងថ្មី នៅក្នុងការធ្វើប្រជាមិត្តមួយនៅក្នុងប្រទេស ហើយលទ្ធផលបង្ហាញថា គម្រោងទិញយន្តហោះនោះ នឹងឈ្នះលើការអនុម័តបានយ៉ាងងាយ៕ប្រែសម្រួល៖ប៉ាង កុង


Most Popular

To Top