បរទេស ៖ រដ្ឋាភិបាលទីក្រុងប៉េកាំង បានបដិសេធម្តងហើយ ម្តងទៀត នូវការចោទប្រកាន់ ដែលថា វិទ្យាស្ថានវិសាណូសាស្ត្រ Wuhan បង្កើតនិងចម្លងវីរុស កូវីដ -១៩ ដោយចៃដន្យ ចូលក្នុងពិភពលោក ក្នុងឆ្នាំ ២០១៩ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា សារព័ត៌មាន NBC News បានអះអាង នៅក្នុងរបាយការណ៍មួយថា វេជ្ជបណ្ឌិត Shi Zhengli អ្នកជំនាញល្បីឈ្មោះ ខាងមេរោគ ដែលមានមូលដ្ឋាន នៅទីក្រុង Wuhan បានជាប់ទាក់ទងនឹងអ្នកវិទ្យាសាស្ត្រ យោធាចិនយ៉ាងតិចពីរនាក់ ដែលបានសហការ ជាមួយនាង លើការស្រាវជ្រាវស្រាវជ្រាវ វីរុសកូវីដ ១៩ កាលពីពេលកន្លងមក ។
លោកស្រីវេជ្ជបណ្ឌិត Shi Zhengli ត្រូវបានផ្សព្វផ្សាយ ដោយសារព័ត៌មានចិនថាជា « Bat Woman ឬស្រ្តីប្រចៀវ» សម្រាប់ការងារ ជាប់លាប់ របស់នាងជាមួយ វីរុសកូរ៉ូណា ពីសត្វប្រចៀវ ហើយវាត្រូវបានគេរាប់បញ្ចូល ក្នុងមនុស្ស ១០០ នាក់ ដែលមានឥទ្ធិពលបំផុត នៅឆ្នាំ ២០២០ របស់ទស្សនាវដ្តី Time ទៀតផង។
កាលពីដើមឆ្នាំនេះ វេជ្ជបណ្ឌិត Shi Zhengli បានបដិសេធទាំងស្រុងនូវការចោទប្រកាន់ដែលថា វិទ្យាស្ថានវិសាណូសាស្ត្រ Wuhan (WIV) បានធ្វើការសិក្សា ជាមួយយោធាចិន បន្ទាប់ពីនាងត្រូវបានចោទ ប្រកាន់ដោយ សហរដ្ឋអាមេរិកថា បានធ្វើពិសោធន៍ ប្រកបដោយគ្រោះថ្នាក់ជាមួយវីរុស SARS ដែលមានដើមកំណើត ពីសត្វប្រចៀវ ។
សារព័ត៌មាន NBC News បានយោងទៅលើការសហការគ្នា ដែលត្រូវបានចោទប្រកាន់ របស់វេជ្ជបណ្ឌិត Shi ក្នុងការស្រាវជ្រាវអំពីវីរុសកូរ៉ូណា ជាមួយអ្នកវិទ្យាសាស្ត្រយោធា ឈ្មោះ Ton Yigang ក្នុងឆ្នាំ ២០១៨ និងជាមួយលោក Zhou Yusen ដែលជាអ្នកវិទ្យាសាស្ត្រយោធាម្នាក់ផ្សេងទៀត ដែលឥឡូវនេះត្រូវបានចុះបញ្ជីថា បានទទួលមរណភាពនៅឆ្នាំ ២០១៩ ។
បណ្តាញព័ត៌មាននេះ បានដកស្រង់សម្តីរបស់លោក David Asher អតីតទីប្រឹក្សាក្រសួង ការបរទេសអាមេរិក ដែលនិយាយថា លោកមានទំនុកចិត្តថា យោធាចិនបានផ្តល់មូលនិធិ ដល់កម្មវិធីសម្ងាត់មួយ ដែលពាក់ព័ន្ធនឹងជំងឺឆ្លង ។ នៅខែមករាឆ្នាំ ២០២០ លោក លោក David Asher បានធ្វើជាសហអ្នកនិពន្ធនូវអង្គហេតុ ស្តីពីសកម្មភាពនៅខាងក្នុង វិទ្យាស្ថានវិសាណូសាស្ត្រ Wuhan ។
អតីតទីប្រឹក្សារូបនេះ បានអះអាងថា គាត់បានទទួលព័ត៌មាន ពីអ្នកវិទ្យាសាស្ត្របរទេស នៅខាងក្នុងបន្ទប់ពិសោធន៍ ដែលបានឃើញអ្នកស្រាវជ្រាវខ្លះ នៅទីនោះក្នុងសម្លៀកបំពាក់យោធា ។ មន្ត្រីរបស់វិទ្យាស្ថាន WIV បានទទូចម្តងហើយ ម្តងទៀតថា កន្លែងនេះ ត្រូវបានប្រើប្រាស់ សម្រាប់គោលបំណងស៊ីវិលតែប៉ុណ្ណោះ ៕ប្រែសម្រួលៈ ណៃ តុលា