ព័ត៌មានអន្តរជាតិ

អាមេរិក ពាក់ព័ន្ធក្នុងការប្រឈមមុខ ដាក់គ្នារវាងរុស្ស៊ី-អង់គ្លេសនៅសមុទ្រខ្មៅ

បរទេស៖ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃពុធសប្ដាហ៍នេះ បានរិះគន់អង់គ្លេសនិងសហរដ្ឋអាមេរិក ចំពោះការប្រឈមមុខដាក់គ្នានៅសមុទ្រខ្មៅកាលពីសប្ដាហ៍មុន រវាងកងកម្លាំងរបស់ទីក្រុងមូស្គូនិងនាវាពិឃាតអង់គ្លេស ដោយហៅវាថាជាការបង្កហេតុដោយចេតនា។


ការប្រឈមមុខដាក់គ្នានោះ បានកើតឡើងនៅថ្ងៃទី២៣ ខែមិថុនា ហើយរុស្ស៊ីនិយាយថា នាវាពិឃាតអង់គ្លេស HMS Defender បានធ្វើដំណើរក្នុងទិសដៅចូលទៅក្នុងដែនទឹករុស្ស៊ីនៅជិតតំបន់គ្រីមា ជាតំបន់ដែលរុស្ស៊ីបានយកពីអ៊ុយក្រែន ហើយដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួន នៅក្នុងឆ្នាំ២០១៤។


យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ជាការឆ្លើយតប យន្តហោះចម្បាំងរុស្ស៊ី បានបាញ់គ្រាប់ព្រមាន និងទម្លាក់គ្រាប់បែកនៅជិតនាវានោះ។


នៅក្នុងអំឡុងពេលធ្វើបទសម្ភាសន៍ចោទសួរឆ្លើយជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី កាលពីថ្ងៃពុធម្សិលមិញនេះ លោកប្រធានាធិបតីរុស្ស៊ីរូបនេះ ក៏បានចោទប្រកាន់សហរដ្ឋអាមេរិក ពីបទមានជាប់ពាក់ព័ន្ធក្នុងជម្លោះប្រឈមមុខដាក់គ្នានោះ៕

ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top