បរទេស ៖ ការហាត់សម រយៈពេលមួយសប្ដាហ៍ នៅក្នុងអំឡុង សមយុទ្ធហ្វឹកហាត់ត្រៀម លក្ខណៈបែបសហប្រតិបត្តិការមួយ ជាមួយទ័ពជើងទឹក សហរដ្ឋអាមេរិក ទ័ពជើងទឹកនិងជើង អាកាសស្រីលង្ការ និងកងកម្លាំងស្វយការពារដែនសមុទ្រជប៉ុន បានបញ្ចប់ហើយ កាលពីថ្ងៃពុធសប្ដាហ៍នេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ មន្ត្រីនានាបាននិយាយប្រាប់ថា លំហាត់សមយុទ្ធ CARAT ដំបូង ក្នុងឆ្នាំ២០២១នេះ បានចាប់ផ្តើមជាមួយការផ្លាស់ប្តូរ ជំនាញលើបញ្ហាចម្បង មានរយៈពេលពីរថ្ងៃ ហើយបន្ទាន់មកធ្វើសមយុទ្ធ នៅសមុទ្ររយៈពេល៥ថ្ងៃ ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា សមយុទ្ធនៅដែនសមុទ្រ គឺត្រូវបានធ្វើឡើងនៅក្នុងដែនទឹក ជិតប្រទេសស្រីលង្កា ហើយផ្តោតសំខាន់លើការពង្រឹង ចំណងទំនាក់ទំនង។
លោក Tom Ogden ជាប្រធានក្រុមនាវាពិឃាតលេខ៧ បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មាន មួយថា “ព្រឹត្តិការណ៍នីមួយៗ បានបង្កើតឱកាស ដើម្បីដុសខាត់ជំនាញរបស់យើង សិក្សាពីក្រុមមួយទៀត និងផ្តល់ឲ្យយើង នូវការយល់ពីបរិយាកាស សមុទ្រកាន់តែល្អ”៕ ប្រែសម្រួល៖ប៉ាង កុង