លោក Joe Biden បានមានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោកមិនប្រាកដថានរណា ជាអ្នកនៅពីក្រោយការវាយប្រហារដ៏ធំមួយ ដែលបានវាយប្រហារក្រុមហ៊ុនអាមេរិក រាប់រយនោះទេ ប៉ុន្តែលោកមិនបាន បដិសេធឥទ្ធិពលរបស់រុស្ស៊ីនោះឡើយយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។
ការវាយប្រហារ Ransomware ត្រូវបានគេគិតថា បានធ្វើឲ្យបណ្តាញរបស់ក្រុមហ៊ុនអាមេរិកយ៉ាងតិច ២០០ ។ ទីភ្នាក់ងារសន្តិសុខ Cyber និងសន្តិសុខហេដ្ឋារចនាសម្ព័ន្ធសហព័ន្ធបាននិយាយថាខ្លួនកំពុងឃ្លាំមើលយ៉ាងដិតដល់នូវស្ថានភាពនេះហើយកំពុងធ្វើការជាមួយ FBI ដើម្បីប្រមូលព័ត៌មានបន្ថែមអំពីផលប៉ះពាល់នៃការវាយប្រហារ។
លោកប្រធានាធិបតីអាមេរិក Biden បានបន្តថា ការគិតដំបូងរបស់រដ្ឋាភិបាលគឺថាវាមិនមែនជាពួក Hacker រុស្ស៊ីដែលនៅពីក្រោយការវាយប្រហារនោះទេ ប៉ុន្តែបន្ថែមថា ពួកគេមិនទាន់ប្រាកដនៅឡើយទេ។ លោកប្រធានាធិបតីបានបន្ថែមថា លោកបានប្រាប់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ឲ្យស៊ើបអង្កេត ហើយប្រសិនបើវាជាការវាយប្រហាររបស់រុស្ស៊ីនោះនឹងមានការឆ្លើយតប។
បណ្តាញហាងលក់គ្រឿងទេសស៊ុយអែត Coop បានបិទទ្វារហាងចំនួន ៨០០ កន្លែងរបស់ខ្លួនកាលពីថ្ងៃសៅរ៍ បន្ទាប់ពីក្រុមហ៊ុនផ្តល់សេវាព័ត៌មានវិទ្យាអាមេរិករបស់ខ្លួនរងការវាយប្រហារដោយទុកឲ្យឲ្យខ្លួនមិន អាចប្រតិបត្តិការចុះឈ្មោះសាច់ប្រាក់បាន។
លោក John Hammond នៃក្រុមហ៊ុនសន្តិសុខ Huntress Labs បាននិយាយនៅមុននេះថា ក្រុមក្មេងទំនើង REvil ដែលជាក្រុមអ្នករកប្រាក់ និយាយភាសារុស្ស៊ីហាក់ដូចជាទទួលខុសត្រូវចំពោះការវាយប្រហារ Ransomware នេះ៕ ដោយ៖លី ភីលីព