បរទេស៖មន្ត្រីព្រំដែន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ទាហានអាហ្វហ្គានីស្ថានជាង ១.០០០នាក់ បានភៀសខ្លួនចូលទៅក្នុងប្រទេសតាហ្ស៊ីហ្គីស្ថាន នៅថ្ងៃចន្ទម្សិលមិញនេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយពួកបះបោរ តាលីបង់។
សេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដែលលើកឡើងពីសេចក្តីថ្លែងការណ៍មួយ របស់អាជ្ញាធរព្រំដែនតាហ្ស៊ីហ្គីស្ថាន បាននិយាយនៅថ្ងៃចន្ទថា ទាហានអាហ្វហ្គានីស្ថាន១.០៣៧នាក់ បានភៀសខ្លួនចេញពីខេត្ត Badakhshan ហើយឆ្លងព្រំដែនដើម្បីរក្សាជីវិតពួកគេ។

ប្រធានាធិបតីនៃប្រទេសតាហ្ស៊ីហ្គីស្ថាន លោក Emomali Rahmon ក្រោយមកបានចល័តទ័ពការពារចំនួន២០.០០០នាក់ ទៅព្រំដែន ក្នុងខណៈដែលអាជ្ញាធរនិយាយថា ពួកគេនឹងមិនជ្រៀតជ្រែកជាមួយបញ្ហាផ្ទៃក្នុង របស់អាហ្វហ្គានីស្ថាននោះឡើយ។
ទីភ្នាក់ងារសារព័ត៌មាន BBC បានរាយការណ៍ថា ការដកថយរបស់កងទ័ពអាហ្វហ្គានីស្ថានកាលពី ថ្ងៃចន្ទម្សិលមិញនេះ គឺជាលើកទី៥ហើយ ដែលទាហានបានភៀសខ្លួនចូលទៅប្រទេសតាហ្ស៊ីហ្គីស្ថាន ក្នុងរយៈពេល២សប្ដាហ៍កន្លងមក ហើយសរុបមានទាហានចំនួនជិត១.៦០០នាក់ បានឆ្លងព្រំដែន៕
