បរទេស ៖ អង្គការសម្ពន្ធមិត្តយោធាណាតូ បានធ្វើសេចក្តីប្រកាសថា យន្តហោះចម្បាំង F-16 ចំនួន៤គ្រឿង របស់កងកម្លាំងជើង អាកាសតួកគី និងកងទ័ពចំនួន៨០នាក់ កំពុងស្ថិត នៅក្នុងប្រទេសប៉ូឡូញ ដើម្បីជួយក្នុងភារកិច្ចល្បាត ដែនអាកាសបស់ណាតូ ។
តាមសេចក្តីរាយការណ៍ យន្តហោះចម្បាំងនិងកងទ័ពតួកគី បានធ្វើដំណើរទៅដល់មូលដ្ឋាន ទ័ពអាកាស Malbork ក្នុងប្រទេសប៉ូឡូញភាគខាងជើង កាលពីថ្ងៃអង្គារ សម្រាប់ការចាត់តាំងរយៈពេល១០សប្ដាហ៍ ជាមួយកងទ័ពអាកាស ប៉ូឡូញ និង កងកម្លាំងដទៃទៀត ក្នុងដំណើរគាំទ្រ ដល់បេសកកម្មល្បាត ដែនអាកាសរបស់ណាតូ នៅក្នុងតំបន់ភាគខាង កើតរបស់ខ្លួន ។
នៅក្នុងសេចក្តីប្រកាស ព័ត៌មានមួយ អង្គការណាតូបាននិយាយថា វត្តមានបច្ចុប្បន្ន របស់កងកម្លាំងជើងអាកាស អេស្ប៉ាញ នៅប្រទេស លីទុយអានី និងក្រុមកងកម្លាំងជើងអាកាស អ៊ីតាលី នៅអេស្តូនី គឺជាមធ្យោបាយ ជួយសម្រួល ដល់កិច្ចសហប្រតិបត្តិការ និងអន្តរប្រតិបត្តិការ សម្ពន្ធមិត្ត ពង្រឹងទំនុកចិត្ត ដល់សម្ពន្ធមិត្តណាតូ នៅតាមព្រំដែនភាគខាងកើត របស់ណាតូ ។
គួរបញ្ជាក់ថា បេសកកម្ម ល្បាត ដែនអាកាសនេះ គឺត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ២០០៤ និងពង្រីកឲ្យកាន់តែធំ នៅក្នុងឆ្នាំ២០១៤ ដើម្បីការពារដែនអាកាស នៅប្រទេសអេស្តូនី ឡាតវី និងលីទុយអានី រដ្ឋនៅតំបន់សមុទ្រ បាល់ទិក និងសមាជិក ណាតូ ដែលមានព្រំដែន ជាប់ប្រទេសរុស្ស៊ី ៕ ប្រែសម្រួល៖ប៉ាង កុង