បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិតួកគីលោក Hulusi Akar និងភាគីខាងអាមេរិក លោក Lloyd Austinកាលពីថ្ងៃពុធបានធ្វើការពិភាក្សាគ្នា តាមទូរស័ព្ទទៅលើបញ្ហាមួយចំនួន។

ប្រភពដដែលបានបញ្ជាក់ទៀតថាកិច្ចពិភាក្សាគ្នាបានធ្វើឡើង ដោយទទួលបានទាំងដំណើរការល្អនិងវិជ្ជមានបំផុង ហើយប្រធានបទសំខាន់ៗ ដែលត្រូវបានលើកមកពិភាក្សានោះ មានដូចជាបញ្ហារៀបចំផែនការ ដំណើរការនិងការពារសន្តិសុខ សម្រាប់អាកាសយានដ្ឋាន អន្តរជាតិទីក្រុងកាប៊ុល។
ប្រទេសតួកគីបានធ្វើការស្នើសុំដើម្បីក្លាយខ្លួន ទៅជាអ្នកការពារនិងថែរក្សាសន្តិសុខ សម្រាប់អាកាសយានដ្ឋានទីក្រុងកាប៊ុល Hamid Karzai ជាពិសេសបន្ទាប់ពីអាមេរិក នឹងដកទ័ពរបស់ខ្លួនអស់ចេញពីប្រទេសអាហ្គានីស្ថាននោះ។

គួរឲ្យដឹងដែរថានៅមុនកិច្ចប្រជុំនេះអាមេរិក គឺធ្លាប់បានបញ្ចូនក្រុមគណប្រតិភូមួយក្រុម មកដល់រដ្ឋធានីអង់ការ៉ា របស់តួកគី កាលពីថ្ងៃទី២៤និង២៥ ខែមិថុនារួចមកហើយ ដើម្បីពិភាក្សានិងគាំទ្រ ទៅដល់បេសកកម្មព្រមទាំង ជំនួយហិរញ្ញវត្ថុមួយចំនួនផងដែរ ទៅលើកិច្ចការងារនេះ៕
ប្រែសម្រួល៖ស៊ុនលី
