បរទេស ៖ ក្រសួងការពារជាតិ នៃប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ បានប្រកាស នៅក្នុងសប្ដាហ៍នេះថា កុងត្រាជាមួយក្រុមហ៊ុន ការពារជាតិ MBDA UK នឹងធ្វើឲ្យកាន់តែប្រសើរឡើង នូវសមត្ថភាពមីស៊ីល របស់នាវាពិឃាត របស់ទ័ពជើងទឹក អង់គ្លេស ។
សេចក្តីថ្លែងការណ៍មួយ ដែលចេញនៅថ្ងៃអង្គារ បាននិយាយថា កម្មវិធីមីស៊ីល Common Anti-Air Modular Missile ដែលគេស្គាល់ថា CAMM នឹងត្រូវបានដាក់បញ្ចូល ក្នុងប្រព័ន្ធអាវុធនៃនាវាពិឃាត Type 45 ចំនួន៦គ្រឿងរបស់អង់គ្លេស ។
ក្រៅពីនេះ មីស៊ីលវាយប្រហារ រយៈចម្ងាយឆ្ងាយ Aster 30 នឹងត្រូវទិញពីក្រុមហ៊ុន ការពារជាតិ ដើម្បីបំពាក់ឲ្យដល់នាវា នីមួយៗក្នុងចំណោម នាវាពិឃាតទ័ពជើងទឹក អង់គ្លេស Type 45 ទាំង៦គ្រឿងនោះ នូវមីស៊ីលចំនួន៧២គ្រាប់ ។
គួរបញ្ជាក់ថា កុងត្រា ជាមួយក្រុមហ៊ុន ការពារជាតិ MBDA UK នឹងប្រព្រឹត្តទៅរយៈពេល១១ឆ្នាំ ចំណែកកុងត្រា ក្រុមហ៊ុនការពារជាតិ Eurosam មានរយៈពេល១០ឆ្នាំ ជាមួយនឹងការធ្វើឲ្យកាន់តែទំនើប ក្នុងកម្លាំងវាយប្រហារ ដោយមានទំហំ ទឹកប្រាក់ចំណាយ ៦៨៩លានដុល្លារ៕
ប្រែសម្រួល៖ប៉ាង កុង