បរទេស៖ ផងតាមការចេញផ្សាយមួយរបស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ បានឲ្យដឹងថា កងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិក អ៊ុយក្រែននិងអង់គ្លេស កំពុងតែធ្វើសហសមយុទ្ធហោះហើរ នៅក្នុងតំបន់នៃសមុទ្រខ្មៅ។
សហសមយុទ្ធយោធា Sea Breeze 2021 នេះ គឺប្រព្រឹត្តធ្វើឡើងចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដានេះ នៅក្នុងប្រទេសអ៊ុយក្រែន ហើយវានៅតែកំពុងតែបន្ត បើទោះជាមានការចោទប្រកាន់ពីបទរំលោភអធិបតេយ្យភាពកាលពីចុងខែមិថុនា ជាពេលដែលយន្តហោះរុស្ស៊ីបានបាញ់គ្រាប់ព្រមានទៅលើនាវាអង់គ្លេស។
ព្រឹត្តិការណ៍សមយុទ្ធយោធា Sea Breeze គឺត្រូវបានធ្វើឡើងក្នុងសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកនិងអ៊ុយក្រែន ក៏ដូចជាការគាំទ្រពីសម្ពន្ធមិត្តណាតូនិងដៃគូនានា វាត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ អស់រយៈពេលជិត២ទសវត្សកន្លះ។
គួរបញ្ជាក់ថា នៅក្នុងសមយុទ្ធនេះ ជាចំនួនសរុប អាមេរិកមានកងទ័ព៥.០០០នាក់ នាវា៣២គ្រឿង និងយន្តហោះ៤០គ្រឿង កំពុងតែចូលរួមក្នុងសមយុទ្ធនៅសមុទ្រខ្មៅនេះ ហើយនៅក្នុងឆ្នាំនេះ យន្តហោះមកពីប្រទេសជាដៃគូ កំពុងធ្វើប្រតិបត្តិការចំនួន៦០នៅតំបន់សមុទ្រខ្មៅ ក្នុងកិច្ចសហការគ្នា ជាមួយការគំាទ្រផ្នែកទ័ពជើងគោកនិងទ័ពជើងទឹក៕ប្រែសម្រួល៖ប៉ាង កុង