បរទេស ៖ មូលដ្ឋានកងទ័ពអាកាស អាមេរិក Eglin ក្នុងរដ្ឋផ្លរីដា តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសថា កងកម្លាំងទ័ពជើងអាកាសសហរដ្ឋអាមេរិក បានធ្វើការបំផ្ទុះបានយ៉ាងជោគជ័យ នូវក្បាលគ្រាប់មីស៊ីលលឿន ជាងសម្លេង សម្រាប់ជាលើកដំបូង នៅក្នុងសប្ដាហ៍នេះ ។
ទីភ្នាក់ងារសារព័ត៌មាន The Drive បានរាយការណ៍ថា ក្បាលគ្រាប់ គំរូ ដែលរចនាឡើង សម្រាប់អាវុធឆ្លើយតបរហ័សបាញ់ ចេញពីអាកាសដែលកំពុង ស្ថិតក្នុងការអភិវឌ្ឍ គឺមីស៊ីលវាយប្រហារ លឿនជាងសម្លេង ត្រូវបានបំផ្ទុះសម្រាប់ ជាលើកដំបូង ក្នុងដំណើរតេស្តសាក ល្បងមូលដ្ឋាន កាលពីថ្ងៃពុធ ។
មីស៊ីល AGM-183A ដែលមានឈ្មោះជាផ្លូវការថា អាវុធឆ្លើយតបរហ័សបាញ់ចេញ ពីអាកាសនេះ គឺត្រូវបានរចនាផលិតឡើង ដើម្បីបំពាក់ក្បាលគ្រាប់ នុយក្លេអ៊ែ និងមានល្បឿនហោះហើរលឿន ជាងល្បឿងសម្លេង បានដល់ទៅចំនួន៥ដង ។
ការតេស្តសាកល្បងនេះ គឺត្រូវបានធ្វើឡើង ដោយក្រុមតេស្តលេខ៧៨០ របស់កងទ័ពអាកាស នៅមុនពេលការតេស្តបន្ថែមទៀត នៃផ្នែកដទៃនៃអាវុធនោះ នៅចុងឆ្នាំនេះ នេះបើយោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ៕ប្រែសម្រួល៖ប៉ាង កុង