បរទេស៖ ប្រធានាធិបតីបារំាង លោក Emmanuel Macron តាមសេចក្តីរាយការណ៍ បានប្រកាសពីការផ្លាស់ប្តូរដ៏ចម្បង ក្នុងការចូលរួមយោធារបស់ប្រទេសបារាំង នៅក្នុងតំបន់អាហ្វ្រិកខាងលិច បញ្ចប់ប្រតិបត្តិការដ៏ធំ ស្របពេលដែលក្តីព្រួយបារម្ភពីសន្តិសុខកើនឡើង។

ប្រទេសបារាំង មានទាហានប្រហែល៥.១០០នាក់ ឈរជើងនៅទូទាំងតំបន់អាហ្វ្រិកខាងលិច ជាផ្នែកនៃប្រតិបត្តិការ Operation Barkhane ផ្តោតលើទប់ស្កាត់ការបះបោរ នៅប្រទេសម៉ាលីនិងប្រទេសបួគីណាហ្វាសូ ប៉ុន្តែនៅពេលភ្លាមៗនេះ នៅមិនទាន់ច្បាស់ថាកងទ័ព ចំនួនប៉ុន្មាននឹងនៅបន្ត ឬក៏ការដកទ័ពចេញនៅពេលណានោះទេ។
លោក Emmanuel Macron បានមានប្រសាសន៍ថា ប្រតិបត្តិការ Barkhane នេះនឹងត្រូវជំនួសដោយប្រតិបត្តិការថ្មី ជាមួយគោលដៅដែលត្រូវបានគាំទ្រដោយប្រទេសដទៃ ហើយលោកបានបន្ថែមថា ការសម្រេចចិត្តនេះ គឺត្រូវបានធ្វើឡើង ក្រោយការពិភាក្សាគ្នា ជាមួយសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសសហភាពអឺរ៉ុប។
គួរបញ្ជាក់ថា ការប្រកាសនេះ គឺត្រូវបានធ្វើឡើង ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសម៉ាលី តែងតាំងប្រធានាធិបតីស្តីទីថ្មី គឺលោកវរសេនីយ៍ឯក Assimi Goïta ហើយប្រទេសបារាំង បានផ្អាកប្រតិបត្តិការរួមគ្នាជាមួយយោធាម៉ាលី កាលពីសប្ដាហ៍មុន ក្រោយការកាន់កាប់យោធាដ៏ថ្មីបំផុត៕ ប្រែសម្រួល៖ប៉ាង កុង

