បរទេស៖ ទីក្រុង ហូជីមិញ បានស្តុកស្បៀងអាហារចំនួន ១២០ ០០០ តោន និងមានសមត្ថភាពព្យាបាលអ្នកជំងឺ Covid-19 ចំនួន ២ ម៉ឺននាក់ ក្នុងពេលតែមួយ ខណៈពេលដែលទីក្រុងនេះ ចាប់ផ្តើមបិទខ្ទប់រយៈពេល ១៥ ថ្ងៃ ពីថ្ងៃសុក្រតទៅ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងទីក្រុងធំបំផុតរបស់ប្រទេសវៀតណាមដែលមានប្រជាជន ១៣ លាននាក់មួយនេះ គឺតម្រូវឱ្យប្រជាជនត្រូវស្នាក់នៅក្នុងផ្ទះ លើកលែងតែទិញអាហារ ឬថ្នាំពេទ្យឬទៅធ្វើការ នៅតាមរោងចក្រនិងអាជីវកម្មដែលត្រូវបានអនុញ្ញាតឱ្យបើក។
អាជ្ញាធរក៏បានផ្អាករាល់ការផ្តល់អាហារ និងភេសជ្ជៈទាំងនៅតាមភោជនីយដ្ឋាន និងតាមរយៈកម្មវិធី (apps) ចែកចាយអាហារផងដែរ។
រដ្ឋបាលក្រុងបាននិយាយថា ស្បៀងអាហារមានគ្រប់គ្រាន់ និងផលិតផលចាំបាច់ដទៃទៀត អាចរកបានដើម្បីធានាថា ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនមិនត្រូវបានប៉ះពាល់ឡើយ។ អាហារចំនួន ១២០ ០០០ តោន ដែលមាននៅពេលនេះតំណាងឱ្យបរិមាណធម្មតាបីដង៕ ប្រែសម្រួលៈ ណៃ តុលា
