បរទេស៖ក្រោយមានការលើកឡើងពីសម្ពន្ធមិត្តអាមេរិក ដូចជាប្រទេសកូរ៉េខាងត្បូងជាដើមថា ជំនួយថ្នាំវ៉ាក់សាំង ឬក៏ជំនួយដទៃទៀត អាចលើកកម្ពស់សហប្រតិបត្តិការនោះ អ្នកស្រាវជ្រាវកូរ៉េខាងជើងមួយរូបបាននិយាយថា ជំនួយមនុស្សធម៌អាមេរិក គឺជាគម្រោងការណ៍នយោបាយដ៏គួរឲ្យខ្លាច ដើម្បីដាក់សម្ពាធលើប្រទេសដទៃទៀត។
លោក Kang Hyon Chol ដែលគេស្គាល់ថា ជាអ្នកស្រាវជ្រាវជាន់ខ្ពស់មួយរូប នៅសមាគមលើកម្ពស់ការដោះដូរសេដ្ឋកិច្ចនិងបច្ចេកវិទ្យាអន្តរជាតិ បានលើកឡើងពីឧទាហរណ៍ជាបន្តបន្ទាប់ពីជុំវិញពិភពលោក ដែលលោកនិយាយថា បង្ហាញពីការអនុវត្តជំនួញពាក់ព័ន្ធ ចំពោះគោលដៅគោលនយោបាយបរទេស ឬក៏សម្ពាធលើបញ្ហាសិទ្ធិមនុស្ស។
លោក Kang Hyon Chol តាមសេចក្តីរាយការណ៍ បានសរសេរថា “នេះបង្ហាញយ៉ាងច្បាស់ថា បំណងប្រកបដោយភាពអគតិរបស់អាមេរិក ភ្ជាប់ជំនួយមនុស្សធម៌ទៅនឹងបញ្ហាសិទ្ធិមនុស្ស គឺដើម្បីធ្វើឲ្យមានលក្ខណៈស្របច្បាប់ នូវការដាក់សម្ពាធលើប្រទេសមានអធិបតេយ្យភាពនានា និងដើម្បីសម្រេចគោលការណ៍ដ៏គួរឲ្យខ្លាចរបស់ពួកគេ”។
អ្នកសា្រវជ្រាវជាន់ខ្ពស់កូរ៉េខាងជើងរូបនេះ បានប្រសាសន៍បន្ថែមយ៉ាងដូច្នេះថា “ក្នុងដំណើរអនុវត្តន៍ជាក់ស្តែង ប្រទេសជាច្រើន ធ្លាប់បានភ្លក់រសជាតិដ៏ល្វីងជូរចត់ ដែលជាលទ្ធផលនៃក្តីសង្ឃឹមច្រើនហួស លើជំនួយរបស់អាមេរិក និងជំនួយមនុស្សធម៌”៕