បរទេស៖ រន្ទះបាញ់មួយបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១៦ នាក់ និងជាច្រើននាក់ទៀត រងរបួសនៅរដ្ឋធានី Jaipur នៅភាគខាងជើងប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ។ ជនរងគ្រោះទាំងអស់នោះ គឺកំពុងថតរូប Selfie ពេលកំពុងភ្លៀងធ្លាក់ នៅលើកំពូលនៃអគារ មើលទីក្រុង Century Amer Fort របស់ទីក្រុងដែលជាកន្លែង ទាក់ទាញភ្ញៀវទេសចរដ៏ពេញនិយម។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា មនុស្សរាប់សិបនាក់បានស្លាប់ ដោយសារតែគ្រោះធម្មជាតិ រន្ទះបាញ់ នៅក្នុងរដ្ឋអ៊ូតាប្រាដែស និងរដ្ឋ ម៉ាដយ៉ាប្រាដេស ផងដែរ។ គ្រោះធម្មជាតិរន្ទះបានសម្លាប់ ប្រជាជនឥណ្ឌា ប្រមាណ ២ ០០០ នាក់ ជារៀងរាល់ឆ្នាំ។
មន្រ្តីប៉ូលីសជាន់ខ្ពស់ម្នាក់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ប្រជាជនភាគច្រើន ក្នុងចំណោមអ្នកស្លាប់នៅ កំពូលនៃអគារមើលទីក្រុង Century Amer Fort គឺជាយុវវ័យ។
មនុស្ស ២២ នាក់បានស្ថិតនៅលើប៉ម របស់អគារ នៅពេលដែលឧប្បត្តិហេតុបានកើតឡើង ហើយអ្នកខ្លះ ត្រូវបានគេរាយការណ៍ថា បានលោតចុះមកក្រោម៕ ប្រែសម្រួលៈ ណៃ តុលា
