រ៉ង់ហ្គូន ៖ សមាជិកក្រុមមេធាវី របស់ លោកស្រី បានឲ្យដឹងថា មេដឹកនាំស៊ីវិល ដែលត្រូវបានបណ្តេញ ចេញពីតំណែង របស់ប្រទេស មីយ៉ាន់ម៉ា លោកស្រីអ៊ុងសាន ស៊ូជី ត្រូវបានចោទប្រកាន់ ពីបទពុករលួយថ្មីចំនួន ៤ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
មេធាវី Min Min Soe បានលើកឡើងថា ករណីថ្មីទាំងបួន ត្រូវបាននាំយកមកប្តឹង លោកស្រីស៊ូជីនៅឯតុលាការមួយ នៅកណ្តាលទីក្រុង Mandalay ដែលជាទីក្រុងធំទី ២ របស់ប្រទេស ដែលបានកំណត់យកថ្ងៃទី២២ ខែកក្កដាជាកាលបរិច្ឆេទ ដើម្បីពិភាក្សាលើករណីនេះ។
លោកស្រីស៊ូជី ដែលត្រូវបានឃុំខ្លួន បន្ទាប់ពីរដ្ឋប្រហារ យោធា កាលពីថ្ងៃទី0១ ខែកុម្ភៈ បានប្រឈមមុខនឹងការចោទ ប្រកាន់មួយចំនួនទៀត រួមមានការរំលោភច្បាប់ អាថ៌កំបាំងជាផ្លូវការ ការនាំចូល និងប្រើប្រាស់ឧបករណ៍ ទំនាក់ទំនងខុសច្បាប់ ការផ្សព្វផ្សាយព័ត៌មាន ដែលធ្វើឱ្យមានអសន្តិសុខដល់សង្គម និងរំលោភលើ ការរឹតត្បិតជំងឺកូវីដ -១៩ ។
លោកស្រី អ៊ុងសាន ស៊ូជី ក៏ត្រូវបានចោទប្រកាន់ ពីបទទទួលយកមាស ៦០ ម៉ឺនដុល្លារ ដោយខុសច្បាប់ និងរំលោភអំណាច របស់លោក ក្នុងការជួលដី និងអាគារផងដែរ។ ភាគច្រើននៃរឿងក្តីប្រឆាំងនឹងលោកស្រី កំពុងត្រូវបានដោះស្រាយដោយតុលាការ នៅរដ្ឋធានីណៃពិដោរ។
វាបង្ហាញថា យោធាមីយ៉ាន់ម៉ា មានបំណងឃុំខ្លួនលោកស្រីស៊ូជី អស់រយៈពេលជាយូរមកហើយ។ លោកស្រីបានចំណាយពេលជាង ១៥ ឆ្នាំនៅក្រោមការឃុំឃាំងក្នុងផ្ទះ អំឡុងសម័យមុន នៃការគ្រប់គ្រងយោធា។
ទន្ទឹមនឹងនេះដែរសមាគមជំនួយ សម្រាប់អ្នកទោសនយោបាយ ដែលជាក្រុមសិទិ្ធ តាមដានស្ថានភាព នៅក្នុងប្រទេស មីយ៉ាន់ម៉ា បានរាយការណ៍ កាលពីថ្ងៃច័ន្ទថា ចំនួនមនុស្ស ដែលត្រូវបានសម្លាប់ ដោយកងកម្លាំងសន្តិសុខ បានកើនឡើង ដល់ ៩០២ នាក់ ដែលកើនឡើងពីប្រហែល ៨៩០ កាលពីសប្តាហ៍មុន ៕
ដោយ ឈូក បូរ៉ា