បរទេស ៖ យោធាចិន បាននិយាយថា បានបណ្ដេញនាវាចម្បាំង សហរដ្ឋអាមេរិកមួយគ្រឿង ដែលខ្លួននិយាយថា ធ្វើដំណើរចូលដោយខុសច្បាប់ ក្នុងដែនទឹកចិន នៅជិតប្រជុំកោះប៉ារ៉ាសែល នាថ្ងៃចន្ទនេះ ដែលជាគម្រប់ខួប នៃសេចក្តីសម្រេច របស់តុលាការ អន្តរជាតិ ដែលថា ទីក្រុងប៉េកាំងគ្មានកម្មសិទ្ធិ លើដែនសមុទ្រចិនខាងត្បូងទេ ។
ទីបញ្ជាការភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន បាននិយាយថា នាវាចម្បាំង អាមេរិក USS Benfold បានធ្វើដំណើរចូលទៅក្នុងដែនទឹក នៃប្រជុំកោះប៉ារ៉ាសែល ដោយគ្មានអនុញ្ញាត យល់ព្រមពីរដ្ឋាភិបាលចិន ដែលនេះជាការរំលោភបំពាន ដ៏ធ្ងន់ធ្ងរលើអធិបតេយ្យភាព របស់ប្រទេសចិន និងធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពដែន សមុទ្រចិនខាងត្បូង ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ទីបញ្ជាការភាគខាងត្បូង បាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា “យើងជំរុញឲ្យសហរដ្ឋអាមេរិក បញ្ឈប់ភ្លាម នូវសកម្មភាព បង្កហេតុបែបនេះ”។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងនាវាលេខ៧របស់ទ័ពជើងទឹក សហរដ្ឋអាមេរិក បាននិយាយថា នាវាចម្បាំង Benfold បានអះអាងសិទ្ធិនិងសេរីភាព នាវាចរណ៍ នៅតំបន់ក្បែរប្រជុំកោះ ប៉ារ៉ាសែល អនុលោមទៅ តាមច្បាប់ អន្តរជាតិ និងបានច្រានចោលនូវការអះអាង របស់ចិនអំពីការរំលោភបំពាន ដ៏ធ្ងន់ធ្ងរលើអធិបតេ្យភាព របស់ខ្លួននោះ ថាជារឿងមិនពិតនិងជាការ បកស្រាយខុស ៕ ប្រែសម្រួល៖ប៉ាង កុង
