បរទេស ៖ នៅក្នុងរបាយការណ៍ ការពារជាតិប្រចាំឆ្នាំ របស់ខ្លួន ប្រទេសជប៉ុន បាននិយាយប្រាប់ ថា ភាពតានតឹងយោធា ដែលកំពុងកើនឡើងជុំវិញ បញ្ហាតៃវ៉ាន់ ក៏ដូចជាការប្រជែងគ្នា ផ្នែកសេដ្ឋកិច្ចនិងបច្ចេកវិទ្យា រវាងប្រទេសចិន និងសហរដ្ឋអាមេរិក គម្រាមកំហែងសន្តិភាពនិងស្ថិរភាពនៅអាស៊ីបូព៌ា ស្របពេលដែលតុល្យភាពអំណាច ក្នុងតំបន់ផ្លាស់ប្តូរប្រែប្រួល ។
នៅក្នុងជំពូកថ្មីស្តីពីកោះតៃវ៉ាន់ របាយការណ៍ប្រចាំឆ្នាំជប៉ុននោះ បាននិយាយ យ៉ាងដូច្នេះថា “វាចាំបាច់ណាស់ ដែលយើងត្រូវផ្តោត ការយកចិត្តទុកដាក់ ចំពោះស្ថានភាព ដែលនឹង មានវិបត្តិខ្លាំងជាងពេលណាៗទាំងអស់ ហើយជាពិសេសនោះ ការប្រកួតប្រជែងគ្នា នៅក្នុងវិស័យបច្ចេកវិទ្យា ទំនងជានឹងក្លាយជា តានតឹងខ្លាំងឡើង” ។
តាមសេចក្តីរាយការណ៍ បទវិចារណកថា ស្តីពីការពារជាតិ ដែលត្រូវបានយល់ព្រម ដោយរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Yoshihide Suga នៅថ្ងៃអង្គារនេះ ចង្អុលបង្ហាញថា ប្រទេសចិនគឺជាក្តីព្រួយបារម្ភសន្តិសុខជាតិ ដ៏ចម្បង របស់ប្រទេសជប៉ុន ។
គួរបញ្ជាក់ថា ការបង្កើន សកម្មភាពយោធាថ្មីៗនេះ របស់ទីក្រុងប៉េកាំង នៅជុំវិញកោះតៃវ៉ាន់ បានធ្វើឲ្យទីក្រុងតូក្យូ មានក្តីព្រួយបារម្ភ ដោយសារតែកោះនេះ ស្ថិតនៅជិតនឹងក្រសែកោះ អូគីណាវ៉ា នៅភាគខាងលិចបំផុត នៃឧបទ្វីបជប៉ុន៕ ប្រែសម្រួល៖ប៉ាង កុង