ព័ត៌មានអន្តរជាតិ

អង់គ្លេស និងអាមេរិក បន្តកិច្ចព្រមព្រៀង សម្រាប់ប្រតិបត្តិការ នាវាផ្ទុកយន្តហោះរួមគ្នា

បរទេស៖ ប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានបន្តកិច្ចព្រមព្រៀង សហប្រតិបត្តិការមួយ រវាងកងនាវាផ្ទុកយន្តហោះ នៃប្រទេសទាំងពីរ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។

រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសអង់គ្លេស លោក Ben Wallace និងរដ្ឋមន្ត្រីការពារជាតិ របស់សហរដ្ឋអាមេរិក លោក Lloyd Austin បានជួបគ្នានៅថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើកិច្ចព្រមព្រៀងគ្នា ហើយជំនួបនេះបានបញ្ចប់ ទៅជាមួយការបន្តកិច្ចព្រមព្រៀង សហប្រតិបត្តិការបច្ចុប្បន្ន ដល់ឆ្នាំ២០២៣។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Ben Wallace បានមានប្រសាសន៍យ៉ាងដូច្នេះថា “សហរដ្ឋអាមេរិក បន្តធ្វើជាដៃគូការពារជាតិ ដ៏សំខាន់បំផុត របស់អង់គ្លេស ហើយយើងកំពុងតែធ្វើការងាររួមគ្នា នៅគ្រប់ស្ថានភាពទាំងអស់ ដើម្បីប្រឈមមុខ នឹងការគម្រាមកំហែង នាពេលអនាគត”។

តាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសអង់គ្លេសរូបនេះ បានមានប្រសាសន៍ បន្តយ៉ាងដូច្នេះថា “មានរឿងជាច្រើនត្រូវធ្វើ ប៉ុន្តែការបន្តដែលនឹង បានព្រមព្រៀងគ្នា នឹងធានាថា យើងអាចធ្វើសហប្រតិបត្តិការ កាន់តែជិតស្និទ្ធឡើង ជាមួយកងកម្លាំងរបស់យើង នៅទូទាំងពិភពលោក”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top