បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានព្រមានអំពីភាពតានតឹង ដែលអាចនឹងកើតមានឡើង ប្រសិនបើសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ធ្វើសហសមយុទ្ធយោធា នៅក្នុងខែសីហា ខាងមុខនេះ ។
ទីភ្នាក់ងារសារព័ត៌មាន កូរ៉េខាងជើង Uriminzokkiri បាននិយាយ កាលពីថ្ងៃចន្ទថា ក្រុមប្រឆាំងយោធាកូរ៉េខាងត្បូង បានដើរដង្ហែក្បួន នៅខាងក្រៅស្ថានទូត សហរដ្ឋអាមេរិក ក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃចុងសប្ដាហ៍ និងថា បរិយាកាសទាមទារ ឲ្យលុបចោល សហសមយុទ្ធយោធា រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងតែកើនខ្លាំងឡើង។
កាលពីថ្ងៃសៅរ៍ អ្នកតវ៉ាកូរ៉េខាងត្បូង មួយក្រុមតូច ដែលតំណាងឲ្យគណៈកម្មការរៀបចំការ បង្រួបបង្រួម បានបង្ហាញនិងស្នើឲ្យដកកងទ័ព សហរដ្ឋអាមេរិក និងបញ្ចប់ការបង្កើនអាវុធ នៅក្នុងប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានកូរ៉េខាងត្បូង Tongil News ។
នៅក្នុងអត្ថបទផ្សេងគ្នាមួយ កាសែតកូរ៉េខាងជើង Meari បាននិយាយថា គណៈកម្មការកូរ៉េខាងត្បូងគាំទ្រការ បង្រួបបង្រួមគ្នា ពាក់ព័ន្ធសេចក្តីប្រកាស ចម្រុះថ្ងៃទី១៥ ខែមិថុនា បានចេញសេចក្តីថ្លែងការណ៍មួយ ទាមទារឲ្យផ្អាក សហសមយុទ្ធ យោធាអាមេរិក-កូរ៉េខាងត្បូង ហើយប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងជើង បានអះអាងថា សហសមយុទ្ធយោធានោះ គឺជាការហាត់សម ដើម្បីឈ្លានពាន៕
ប្រែសម្រួល៖ប៉ាង កុង
