ព័ត៌មានអន្តរជាតិ

តួកគី និងអ៊ីស្រាអែលចង់ធ្វើចំណងមិត្តភាព ឲ្យមានភាពកាន់តែ ប្រសើរឡើង

បរទេស៖មន្ត្រីនាំពាក្យគណបក្ស កាន់អំណាចតួកគី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធម្សិលមិញនេះថា ប្រទេសតួកគីនិង ប្រទេសអ៊ីស្រាអែល បានព្រមព្រៀងគ្នាធ្វើការងារឆ្ពោះទៅ រកការធ្វើឲ្យកាន់តែប្រសើរឡើង នូវចំណងមិត្តភាពដែលជាប់គាំង ក្រោយកិច្ចសន្ទនាគ្នាតាមទូរស័ព្ទដ៏កម្រមួយ រវាងប្រធានាធិបតីនៃប្រទេស ទាំងពីរ។

ប្រទេសទាំងពីរនេះ បានបណ្ដេញឯកអគ្គរដ្ឋទូតរបស់គ្នាទៅវិញទៅមក នៅក្នុងឆ្នាំ២០១៨ ក្រោយមានការធ្លាក់ចំណងមិត្តភាពដ៏ខ្លាំងក្លា។ ទីក្រុងអង់ការ៉ាបានថ្កោលទោសការកាន់កាប់របស់អ៊ីស្រាអែលលើតំបន់ West Bank និងការប្រព្រឹត្តរបស់អ៊ីស្រាអែលលើពួកប៉ាឡេស្ទីន ចំណែកអ៊ីស្រាអែលបានអំពាវនាវឲ្យតួកគីបោះបង់ការគាំទ្រក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ដែលគ្រប់គ្រងនៅតំបន់ហ្គាហ្សា។

តាមសេចក្តីរាយការណ៍ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីស្រាអែលថ្មី លោក Isaac Herzog កាលពីថ្ងៃចន្ទ អបអរសាទរលោកសម្រាប់ការឡើងកាន់តំណែងថ្មី។

ក្រោយកិច្ចប្រជុំរបស់គណបក្ស លោក ជាមន្ត្រីនាំពាក្យបានមានប្រសាសន៍យ៉ាងដូច្នេះថា “ទម្រង់ការងារបានប្រាកដឡើង ក្រោយកិច្ចសន្ទនាគ្នាតាមទូរស័ព្ទនេះ ដែលអាចធ្វើឲ្យមានការវិវត្តទៅមុខលើបញ្ហាមួយចំនួន បង្កើតឲ្យមានភាពល្អប្រសើរឡើង និងវិធានការឆ្ពោះទៅរកការដោះស្រាយចំណុចបញ្ហាមួយចំនួន”៕ប្រែសម្រួល៖ប៉ាង កុង


Most Popular

To Top