បរទេស៖ ប្រទេសកូរ៉េខាងជើង បានចោទប្រកាន់ប្រទេសជប៉ុន ពីបទបង្កើតមហិច្ឆតា នៃការលុកលុយជាថ្មី បន្ទាប់ពីទីក្រុងតូក្យូ បានចេញរបាយការណ៍ ការពារជាតិប្រចាំឆ្នាំរបស់ខ្លួន កាលពីថ្ងៃអង្គារ ដែលគូសង្ហាញពីការគម្រាមកំហែង ដែលទីក្រុងព្យុងយ៉ាង បង្កឡើងចំពោះប្រទេសជប៉ុន។
លោក Ri Byong Dok ដែលជាអ្នកស្រាវជ្រាវមួយរូប នៅវិទ្យាស្ថានសិក្សាពីជប៉ុន ស្ថិតក្រោមក្រសួងការបរទេស របស់ប្រទេសកូរ៉េខាងជើង បានមានប្រសាសន៍ នៅក្នុងសេចក្តីថ្លែងការណ៍ របស់លោកថា ប្រទេសជប៉ុន កំពុងតែប្រើប្រាស់ភាសា ប្រឈមមុខដាក់គ្នា នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ។
លោកបាននិយាយបន្តថា ការពិពណ៌នារបស់ជប៉ុន ស្តីពីនិន្នាការយោធា ក្នុងប្រទេសកូរ៉េខាងជើង ថាជាការគម្រាមកំហែងធ្ងន់ធ្ងរ នាពេលខាងមុខដ៏ជិតនោះ គឺគ្មានអ្វីក្រៅពីបំណងចង់លាក់បំាង អត្តសញ្ញាណពិរុទ្ធជន ដ៏សំខានមួយ ដែលបំផ្លាញសន្តិភាព និងសន្តិសុខ នៅក្នុងតំបន់ តាមរយៈការបង្កើតការគម្រាមកំហែង ដ៏ច្រើនបំផុតនោះទេ។
ក្រៅពីនោះ សេចក្តីថ្លែងការណ៍ របស់កូរ៉េខាងជើងនេះ ក៏ធ្វើការសំដៅដល់អតីត នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ ដោយអះអាងថា រដ្ឋបាលរបស់លោក បានប្រើប្រាស់របាយការណ៍ ការពារជាតិ នៃប្រទេសជប៉ុន រំឭកដល់គោលបំណង នយោបាយនិងយោធា ដ៏គួរឲ្យស្អប់ខ្ពើម តាមរយៈការលើកឡើង ពីការគម្រាមកំហែងមីស៊ីល របស់ប្រទេសកូរ៉េខាងជើង នៅគ្រប់ពេលទាំងអស់៕ ប្រែសម្រួល៖ប៉ាង កុង