ព័ត៌មានអន្តរជាតិ

ការស្ទង់មតិ ៖ ពលរដ្ឋកូរ៉េខាងត្បូង ជាង៩០ភាគរយ មិនជឿថា កូរ៉េខាងជើងបោះបង់ អាវុធនុយក្លេអ៊ែ

បរទេស ៖ ពលរដ្ឋកូរ៉េខាងត្បូងជាង ៩នាក់ក្នុងចំណោមជាង១០នាក់ មិនជឿថា ទីក្រុងព្យុងយ៉ាងមានបំណង បោះបង់ចោលអាវុធ នុយក្លេអ៊ែនោះទេ នេះបើយោងតាមការស្ទង់មតិថ្មី មួយធ្វើឡើងដោយវិទ្យាស្ថានកូរ៉េ សម្រាប់ការបង្រួបបង្រួមជាតិ ។

ការស្ទង់មតិប្រចាំឆ្នាំ ដែលចេញកាលពីថ្ងៃព្រហស្បតិ៍នេះ ឃើញមានការកើនឡើងជាខ្លាំង ក្នុងចំនួនភាគរយ នៃចូលរួមស្ទង់មតិ ដែលជឿថា ប្រទេសកូរ៉េខាងជើង គ្មានបំណងចង់បោះបង់ចោល អាវុធនុយក្លេអ៊ែ ក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយ គឺពីចំនួន៧១,៣ភាគរយ ក្នុងឆ្នាំ២០១៦ ឡើងដល់៩០,៧ភាគរយ នៅក្នុងខែមេសាឆ្នាំនេះ ។

មានត្រឹមតែចំនួន១៤,៣ភាគរយ ក្នុងចំណោមអ្នកចូលរួម១.០០៣នាក់ មានអាយុ១៨ឆ្នាំនិងលើសពីនោះ បាននិយាយថា ពួកគេជឿជាក់លើមេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលចំនួននេះគឺ បានធ្លាក់ពីចំនួន ៣៣,៥ភាគរយ នៅក្នុងខែមេសា ឆ្នាំ២០១៩ ក្រោយអំឡុងពេលបង្កើត ការផ្សះផ្សារជាមួយទីក្រុងព្យុងយ៉ាង។

គួរបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងមិនបានធ្វើតេស្តសាកល្បងអាវុធ នុយក្លេអ៊ែឬក៏មីស៊ីលវាយប្រហារ ចម្ងាយឆ្ងាយណាមួយ ចាប់តាំងពីឆ្នាំ២០១៧មក ប៉ុន្តែបានធ្វើតេស្តមីស៊ីលផ្លោង វាយប្រហារក្នុងចម្ងាយខ្លីចំនួនពីរ នៅក្នុងខែមីនា ដែលជាការបំពាន លើទណ្ឌកម្មអង្គការ សហប្រជាជាតិ ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top