បរទេស៖ ប្រមូលផ្តុំគ្នាដ៏ធំបំផុត នៃយន្តហោះចម្បាំងបំបាំងកាយ F-22 Raptor របស់កងទ័ពជើងអាកាស សហរដ្ឋអាមេរិក កំពុងបង្ហាញវត្តមាន នៅក្នុងតំបន់ប៉ាស៊ីហ្វិក ដើម្បីចូលរួមធ្វើសមយុទ្ធយោធាមួយ ដែលអ្នកវិភាគនិយាយថា ជាសារដ៏ខ្លាំងក្លាមួយ ចំពោះប្រទេសចិន។
តាមសេចក្តីរាយការណ៍ យន្តហោះចម្បាំង F-22 Raptor ចំនួនប្រហែល២៥គ្រឿង ត្រូវបានបញ្ជូនទៅកាន់ មូលដ្ឋានទ័ពអាកាស ចំនួន៣នៅលើកោះហ្គាម និងមូលដ្ឋានមួយនៅលើកោះ Northern Mariana ចេញពីមូលដ្ឋាន នៃកងកម្លាំងការពារជាតិ ដែនអាកាសហាវ៉ៃ និងមូលដ្ឋានចម្រុះ Elmendorf-Richardson រដ្ឋអាឡាស្កា សម្រាប់សមយុទ្ធយោធា Operation Pacific Iron 2021។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាសប្ដាហ៍នេះ កងទ័ពជើងអាកាសប៉ាស៊ីហ្វិក របស់អាមេរិក បាននិយាយថា យន្តហោះចម្បាំង F-15E Strike Eagles ប្រហែល១០គ្រឿង និងយន្តហោះដឹកទំនិញ C-130J Hercules ចំនួន២គ្រឿង ដែលបញ្ជូនចេញពី ប្រទេសជប៉ុន និងមូលដ្ឋានអាមេរិក ភាគខាងលិច ក៏ទៅចូលរួមក្នុងសមយុទ្ធនោះដែរ។
គួរបញ្ជាក់ថា យន្តហោះ F-22 Raptor ដែលជាយន្តហោះចម្បាំង ជំនាន់ទី៥ បំពាក់ដោយបច្ចេកវិទ្យាបំបាំងកាយ និងប្រព័ន្ធចាប់សញ្ញាជាច្រើននេះ ត្រូវបានគេចាត់ទុកថា ស្ថិតនៅក្នុងចំណោមយន្តហោះ ដ៏ទំនើបបំផុតក្នុងពិភពលោក ហើយសមយុទ្ធនេះ ត្រូវបានគេមើលឃើញថា ជាការបង្ហាញដល់ចិន នូវសមត្ថភាពអាមេរិក ក្នុងការប្រមូលផ្តុំយន្តហោះចម្បាំង បានយ៉ាងរហ័ស៕ ប្រែសម្រួល៖ប៉ាង កុង