បរទេស៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ អាចនឹងចាត់វិធានការទប់ស្កាត់ ប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ តាមរយៈការដាំដើមឈើបន្ថែម និងការពារផលដំណាំ ពីកម្តៅដ៏ខ្លាំង ស្របពេលដែលសីតុណ្ហភាព កើនឡើងដល់កំណត់ត្រាខ្ពស់ នៅលើឧបទ្វីបកូរ៉េ។
កាសែតបក្សពលករកូរ៉េ Rodong Sinmun បាននិយាយនៅពេលថ្មីៗនេះថា ការទប់ស្កាត់ការខូចខាត នៃផលដំណាំពីរលកកម្តៅ គឺជាការតស៊ូដ៏លំបាកមួយ ដើម្បីការពារអាយុជីវិត និងសុវត្ថិភាពរបស់ប្រជាជន។
កាសែតដដែលនេះ បានបញ្ជាក់យ៉ាងដូច្នេះថា “អង្គភាពគណបក្ស នៅគ្រប់លំដាប់ថ្នាក់ទាំងអស់ ជូនដំណឹងយើងថា រលកកម្តៅកាន់តែខ្លាំងឡើង ត្រូវបានគេរំពឹងថា នឹងជះឥទ្ធិពលអាក្រក់ ដល់ប្រទេសយើង នៅសប្ដាហ៍ក្រោយនេះ ហើយការទប់ស្កាត់ការខូចខាត គឺជាគម្រោងនយោបាយ ដ៏សំខាន់មួយ សម្រាប់រំឭកដល់ការសម្រេចចិត្ត ធ្វើឡើងនៅសមាជបក្សលើកទី៨”។
តាមសេចក្តីរាយការណ៍ កាសែតនេះបានជំរុញ ឲ្យប្រទេសត្រៀម សម្រាប់អាកាសធាតុអាក្រក់នេះ នៅត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពីប្រធានគណកម្មការផែនការ រដ្ឋកូរ៉េខាងជើង បាននិយាយនៅក្នុងរបាយការណ៍ ផ្តល់ឲ្យអង្គការសហប្រជាជាតិថា គ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់ បានវាយប្រហារប្រទេស ជារៀងរាល់ឆ្នាំ ស្របពេលស្ថានភាពស្បៀងអាហារ មានសភាពកាន់តែអាក្រក់ឡើង៕ ប្រែសម្រួល៖ប៉ាង កុង