ព័ត៌មានអន្តរជាតិ

យោធាកូរ៉េខាងត្បូង រងការផ្ទុះឆ្លងជម្ងឺ កូវីដ១៩ នៅលើនាវាចម្បាំងប្រឆាំងចោរ សមុទ្រក្បែរតំបន់អាហ្វ្រិក

បរទេស៖យោធារបស់ប្រទេសកូរ៉េខាងត្បូង នាពេលបច្ចុប្បន្ននេះ បានរងការឆ្លងជម្ងឺកូវីដ១៩ជាចង្កោមដ៏ធំបំផុត ដោយមានបុគ្គលិកយោធាជាង៨០ភាគរយនៅលើនាវាពិឃាតិ ដែលកំពុងបំពេញប្រតិបត្តិការប្រឆាំងពួកចោរសមុទ្រនៅតំបន់ឈូងសមុទ្រ Aden តេស្តឃើញវិជ្ជមាន។ 

ការផ្ទុះឆ្លងនេះ បានកើតមានស្របពេលដែលកូរ៉េខាងត្បូងធ្វើការប្រយុទ្ធប្រឆាំងនឹងការករណីឆ្លងជម្ងឺកូវីដ១៩ដ៏អាក្រក់នៅក្នុងស្រុក ដោយមានករណីឆ្លងថ្មីចំនួន១.២៥២ករណីកាលពីថ្ងៃអាទិត្យ ហើយទន្ទឹមគ្នានោះ ករណីឆ្លងចំនួន២៤៧ករណី មិនមានជាប់ពាក់ព័ន្ធដោយត្រង់នឹងការឆ្លងថ្មីនៅក្នុងប្រទេសនោះទេ ដោយនាវាពិឃាតនោះ បានចាកចេញពីកូរ៉េខាងត្បូង ដើម្បីចាប់ផ្តើមបេសកកម្មរបស់ខ្លួន នៅក្នុងខែកុម្ភៈ។ 

អគ្គសេនាធិការនៃប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទនេះថា មានត្រឹមតែ៥០នាក់ក្នុងចំណោមបុគ្គលិកយោធា៣០១នាក់ប៉ុណ្ណោះ ដែលតេស្តឃើញអវិជ្ជមាន នៅក្នុងការផ្ទុះឆ្លងជាលើកដំបូង ត្រូវគេរាយការណ៍កាលពីថ្ងៃទី១៥ ខែកក្កដានោះ។ 

ប៉ុន្តែអាជ្ញាធរ នាពេលថ្មីៗនេះ បានចាប់ផ្តើមប្រតិបត្តិការមួយ ដើម្បីនាំពួកគេតាមជើងយន្តហោះត្រឡប់មកប្រទេសវិញ ចំណែកក្រុមជំនួសនឹងបើកយកនាវាត្រឡប់មកប្រទេសតាមក្រោយវិញ នេះបើតាមការចេញផ្សាយមួយរបស់ទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top