បរទេស៖យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថាអធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នឹងបំពេញទស្សនកិច្ចទៅកាន់ទីតាំងរងគ្រោះ ដោយសារគ្រោះធម្មជាតិ ទឹកជំនន់នៅអ៊ឺរ៉ុបខាងលិច។
ទស្សនកិច្ចលើកនេះត្រូវបានធ្វើឡើងនៅក្រោយពេលដែលគ្រោះ ទឹកជំនន់ជាច្រើនថ្ងៃបានវាយប្រហារទៅលើតំបន់អ៊ឺរ៉ុប ខាងលិចនិងបានបណ្តាលឲ្យមនុស្សប្រមាណជា១៧១នាក់មកហើយបាត់បង់ជីវិត និងជាច្រើនទៀត នៅបន្តបាត់ខ្លួននៅឡើយ។

ក្នុងនោះមនុស្ស១៤៤នាក់ដំបូង បានបាត់បង់ជីវិតគិតចាប់ពីពេលដែលទឹកជំនន់ ដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់អាល្លឺម៉ង់ បានវាយប្រហារហើយប្រមាណជា២៧នាក់ ទៀតបានបាត់បង់ជីវិតនៅក្នុងប្រទេសប៊ែលហ្ស៊ិក។

មកដល់ពេលនេះក្រុមអ្នកសង្គ្រោះ នៅក្នុងប្រទេសទាំងពីរអាល្លឺម៉ង់និងប៊ែលហ្ស៊ិក នៅតែបន្តដំណើរការស្វែងរកជនរងគ្រោះដែលបាត់ខ្លួននៅឡើយទោះបីជាស្ថានភាពនិងលក្ខខណ្ឌ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងភាពគ្រោះថ្នាក់នៅឡើយក្តី៕ ប្រែសម្រួល៖ស៊ុនលី
