ញូវយ៉ក៖ តម្លៃប្រេងបានទទួលរងនូវការខាតបង់យ៉ាងខ្លាំង ដោយសារពាណិជ្ជករវាយតម្លៃពីហានិភ័យទាំងផ្នែកផ្គត់ផ្គង់ និងទាំងតម្រូវការ ខណៈកំពុងព្រួយបារម្ភពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ជាមួយនឹងកិច្ចព្រមព្រៀង OPEC+ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រេងឆៅខាងលិចនៅរដ្ឋតិចសាស់ សម្រាប់ចែកចាយនៅខែសីហា បានធ្លាក់ចុះ ៥,៣៩ ដុល្លារអាមេរិក ឬ ៧,៥ ភាគរយមកនៅត្រឹម ៦៦,៤២ ដុល្លារក្នុងមួយបារ៉ែលនៅផ្សារដោះដូរទំនិញក្រុងញូវយ៉ក។ ប្រេងឆៅប្រភេទ Brent សម្រាប់ចែកចាយនៅខែកញ្ញា បានធ្លាក់ចុះ ៤,៩៧ ឬជិត ៦,៨ ភាគរយមកនៅត្រឹមតម្លៃ ៦៨,៦២ ដុល្លារក្នុងមួយធុង នៅផ្សារដោះដូរទីក្រុងឡុងដ៍ ICE។
ការលក់នេះបានកើតឡើងនៅពេលដែលក្រុមអាជីវករព្រួយបារម្ភថា ការស្ទុះងើបឡើងវិញនៃករណីឆ្លងជំងឺកូវីដ-១៩ នឹងធ្វើឱ្យទស្សនវិស័យតម្រូវការប្រេងធ្លាក់ចុះ។
អង្គការប្រទេសនាំប្រេងចេញ (OPEC) និងប្រទេសមិនមែន OPEC ដែលត្រូវបានគេស្គាល់ថា OPEC + បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំតាមអ៊ិនធឺណិតកាលពីថ្ងៃអាទិត្យ ដើម្បីជំរុញផលិតកម្មប្រេងបន្ថែម ៤០០,០០០ បារ៉ែលក្នុងមួយថ្ងៃដោយសារតម្រូវការកើនឡើង។
អង្គការ OPEC និងសម្ព័ន្ធមិត្តមិនមែន OPEC ក៏បានឈានដល់កិច្ចព្រមព្រៀង បញ្ឈប់ដំណាក់កាលនៃការផលិតប្រេង ៥,៨ លានបារ៉ែលក្នុងមួយថ្ងៃ នៃការផលិតប្រេងត្រឹមខែកញ្ញា ឆ្នាំ ២០២២ ដោយផ្អែកលើលក្ខខណ្ឌទីផ្សារ។
កាលពីឆ្នាំមុនអង្គការ OPEC + បានកាត់បន្ថយការផលិតចំនួន ១០ លានបារ៉ែលក្នុងមួយថ្ងៃ ចំពេលមានការធ្លាក់ចុះនៃការរីករាលដាលជំងឺឆ្លងនៃតម្រូវការ និងការធ្លាក់ចុះតម្លៃ។ ការកែសម្រួលត្រូវបានកាត់បន្ថយយឺតៗ ហើយបច្ចុប្បន្នមានចំនួន ៥,៨ លានបារ៉ែលក្នុងមួយថ្ងៃ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនអង្គការ OPEC + បានឲ្យដឹងថា បណ្តាប្រទេសនានាបានព្រមព្រៀងក្នុងការកែតម្រូវផលិតកម្មរួមរបស់ពួកគេ ចាប់ពីខែសីហា ហើយបន្ទាប់មកវាយតម្លៃការអភិវឌ្ឍទីផ្សារ និងការអនុវត្តរបស់ប្រទេស ដែលចូលរួមនៅក្នុងខែធ្នូ៕ដោយ ឈូក បូរ៉ា